រាជធានីភ្នំពេញ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ថៅកែ​បុរី​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក ធា​ម ច័​ន្ធ​ពិ​សិទ្ធ ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រព្រឹត្ត​ការ​ទូទាត់​ប្រាក់​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ជនសង្ស័យ​មានឈ្មោះ កែវ មុនី​រតន៍ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ ជា​ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​១០១៥ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្រោយ​ឃាត់ខ្លួន​សមត្ត​កិច្ច បាន​និង​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ថៅកែ​បុរី​រូប​នោះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែកក្កដា​នេះ ។

បើ​យោង​តាម​សមត្ថកិច្ច​បាន​បង្ហើប​ថា លោក កែវ មុនី​រតន៍ ថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​នាំ​ទៅ​ដាក់​ពន្ធនាគារ​ចំនួន​២​លើក​មក​ហើយ ហើយ​លើក​នេះ បើ​អាច​ជាប់​ទៀត​នោះ សរុប​៣ លើក​ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​ដដែល ៕