មនុស្សមួយចំនួន ចូលចិត្តវាយតំលៃ ក៏ដូចជាឲ្យតំលៃ តែទៅលើសំបកក្រៅ មិនបានគិតដល់ពីភាពពិត (អត្តចរិក ភាពថ្លៃថ្នូរ…) របស់បុគ្គលម្នាក់នោះឡើយ។ នៅពេលដែលបុគ្គលម្នាក់នោះ ស្លៀកពាក់ស្អាតបាតទំនងខោអាវម៉ូតថ្លៃៗ ជិះរថយន្តល្អៗប្រើសម្ភារៈទំនើបៗ ពួកគេច្រើនតែឲ្យតំលៃ។ ប៉ុន្តែបើឃើញអ្នកដែលមើលទៅ ស្លៀកពាក់ខោអាវរាងចាស់ៗប្រើសម្ភារៈមិនទំនើប ពួកគេមិនសូវជាឲ្យតំលៃលើគាត់ទេ មុខក៏មិនមើលសួរនាំក៏មិនខ្ចី សួរផង។

ជួនកាល ឃើញអ្នកដែលស្លៀកពាក់ស្អាតបាតនោះមិនប្រាកដថា ក្នុងហោប៉ៅខោមានលុយនោះទេ ហើយក៏មិនប្រាកដថា ជាមនុស្សល្អនោះដែរ។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលគេ មិន ចេះសម្ញែងស្លៀកពាក់មិនរើសខោអាវ មិនសូវទាន់សម័យ ប៉ុន្តែលុយពេញហោប៉ៅក៏មាន ហើយជាមនុស្សល្អក្នុងសង្គម គួរជាទីរាប់អានថែមទៀត។

ជាឧទាហរណ៍ជាក់ស្តែង រឿងដូច្នេះច្រើនកើតមានឡើង នៅតាមហាងលក់ដូរទំនើបៗ និងលក់របស់ថ្លៃៗមួយចំនួនបើសិនជា មានមនុស្សណាម្នាក់ដែលមើលទៅស្លៀកពាក់មិនសូវហ៊ឺហារ (ដែលខ្មែរយើងតែងនិយាយ ជាសាមញ្ញថា ខោមិនខោ អាវមិនអាវ) របស់ប្រើមិនសូវទំនើបនោះ ចូលមើលឥវ៉ាន់ក្នុងហាង របស់ពួកគាត់ ម្ចាស់ហាង ឬបុគ្គលិក (មួយចំនួន) មិនមករាក់ទាក់សួរនាំ ឬជួនកាលអាចឲ្យគាត់ចេញពីហាងវិញថែមទៀតផង៕

ដោយ៖ AN