បរទេស៖ ក្រុមចោរប្លន់បានចាប់ពង្រត់មនុស្ស ចំនួន១០០នាក់ ដែលភាគច្រើនជាស្រ្ដីកំពុង​បំបៅដោះកូន ហើយរហូតមកដល់ពេលនេះ អាជ្ញាធរ​នីហ្សេរី​យ៉ា បានជួយរំដោះពួកគេឲ្យផុតពីក្រញាំដៃរបស់ពួកឧក្រិដ្ឋជន។

សារព័ត៌មាន BBC បានផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ថា អាជ្ញាធរ នៅភាគពាយព្យ ប្រទេសនីហ្សេរីយ៉ា​ បានរំដោះស្ដ្រី និងកុមារ ចំនួន១០០នាក់ ដែលភាគច្រើន ជាស្រ្ដីកំពុងបំបៅដោះកូ​ន។ ជនរងគ្រោះទាំងនេះ ត្រូវបានក្រុមចោរប្លន់ ចាប់ពង្រត់ កាលពី​​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅរដ្ឋ Zamfara ប្រទេសនីហ្សេរីយ៉ា។

អាជ្ញាធររដ្ឋ Zamfara បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះ មានមនុស្ស៤នាក់ ត្រូវបានគេសម្លាប់។ ដោយឡែកជនរងគ្រោះទាំងអស់ ត្រូវបានរំដោះ ដោយមិនមានការបង់ប្រាក់លោះនោះឡើយ។ ប៉ុន្ដែអាជ្ញាធរ មិនបានបញ្ជាក់លម្អិត អំពីប្រតិបត្ដិការជួយសង្រ្គោះដល់ជនរងគ្រោះទាំងនោះឡើយ។

បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសនីហ្សេរីយ៉ា មានមនុស្សជាង ១ ០០០នាក់ ត្រូវបានក្រុមឧក្រិដ្ឋជន ចាប់ពង្រត់។  ប៉ុន្ដែ​ជនរងគ្រោះ ភាគច្រើន ត្រូវបានក្រុមឧក្រិដ្ឋជនដោះលែងមកវិញ បន្ទាប់ពីមានការបង់ប្រាក់លោះ តាមការទាមទាររបស់ពួកគេ។ ​ទោះជាយ៉ាងណា ក៏មានជនរងគ្រោះមួយចំនួន ត្រូវបានគេ​សម្លាប់ចោលផងដែរ។ ករណីនេះ អាជ្ញាធរបានស្ដីបន្ទោសដល់ក្រុមចោរប្លន់ប្រដាប់អាវុធ និងក្រុមចាប់ជំរិត៕​