បើនិយាយចំពោះបរាជ័យក្នុងរឿងស្នេហា គេមិនអាចវាយតម្លៃតាមរយៈពេលដែលកំពុងស្រឡាញ់គ្នាទេ តែគេនឹងអាចដឹងច្បាស់ថាមនុស្សស្រីនោះថ្លៃថ្នូរកម្រិតណា ដោយសម្គាល់ក្រោយពេលដែលបែកគ្នាវិញ។

១. មើលថែទាំខ្លួនឯង៖ នាងអាចខូចចិត្តមួយរយៈបន្ទាប់ពីបែកគ្នាភ្លាមៗ តែភាពឈឺចាប់នោះមិនបង្ខំនាងឲ្យធ្វើបាបខ្លួនឯងឡើយ ផ្ទុយទៅវិញគឺមានតែស្រឡាញ់ខ្លួនឯងខ្លាំងជាងមុខ ធ្វើអ្វីល្អៗដើម្បីឲ្យខ្លួនឯងរីកចម្រើនជាងមុន។

២. ឯករាជ្យជាងមុន៖ នាងប្រែមកជារឹងមាំ និងឯករាជ្យជាងមុនចំពោះរឿងនានាក្នុងជីវិត។ នាងមិនឈប់ត្រឹមមួយកន្លែងទេ តែនាងនឹងព្យាយាមធ្វើអ្វីដែលបង្ហាញពីភាពជោគជ័យក្នុងជីវិតថ្មីរបស់នាងដោយខ្លួនឯង។

៣. គ្មានចិត្តកំណាច៖ ទោះជួបជាមួយស្នេហាបរាជ័យ តែនាងមិនបានផ្លាស់ប្តូរភាពស្លូតបូតពីខាងក្នុងដោយសារការគុំគួនជាមួយអ្នកមុនឡើយ។ នាងនៅតែរក្សាចិត្តបុណ្យ មិនកាចសាហាវ និងមិនប្រព្រឹត្តអំពើបាបដើម្បីសងសឹកកម្មពៀរចាស់ទេ។

៤. មិនបង្ហាញភាពសោកសៅលើបណ្តាញសង្គម៖ នាងសុខចិត្តអង្គុយពិបាកចិត្តពេលនៅម្នាក់ឯង តែមិនបង្ហាញភាពសោកសៅឲ្យគេឯងឃើញផ្តេសផ្តាសទេ ហើយបើទោះជាពេលខ្លះនាងតឹងចិត្តខ្លាំងបន្តិចមែន ក៏គ្រាន់តែចែករំលែកទៅមិត្តភក្តិជិតស្និទ្ធតែប៉ុណ្ណោះឯង។

៥. មានគំនិតបើកចំហរ៖ ក្រោយជួបរឿងមិនសមបំណង នាងបានផ្លាស់ប្តូរការគិតមកជាបើកជំហរជាងមុន មិនឆាប់ឆេវឆាវ ឬប្រតិកម្មចំពោះគំនិតអ្នកដទៃដែលខុសពីនាងឡើយ។ លក្ខណៈបែបនេះក៏អាចសម្តែងថាជាមនុស្សចាស់ទុំជាងមុនដូចគ្នា។

៦. លើកលែងតែមិនបំភ្លេច៖ នាងយល់ថាការជួបស្នេហាដែលបរាជ័យលើកមុននោះគឺជាមេរៀនដែលត្រូវចងចាំ ទោះវាធ្វើឲ្យឈឺចាប់តែនាងនៅតែព្យាយាមលើកលែងឲ្យបុរសដែលធ្វើខុសនោះ។ ការលើកលែងមិនមែនមានន័យថាអ្នកចុះចាញ់ទេ តែជាការស្វែងរកក្តីសុខផ្លូវចិត្តសម្រាប់ខ្លួនឯង៕