គ្រប់គ្នាតែងតែប្រាថ្នាចង់បានសុភមង្គល សេចក្ដីសុខ និងភាពស្រណុកធូរធារ ប៉ុន្តែពេលខ្លះវាគ្រាន់តែជាការប្រាថ្នាដែលគ្មានសកម្មភាពអីគាំទ្រនោះទេ។ ខាងក្រោមនេះជារឿងដែលអ្នកគួរតែកាត់បន្ថយដើម្បីស្វែងរកសុភមង្គល និងភាពសុខស្រួលដល់ខ្លួន៖

១. ចំណាយពេលឥតប្រយោជន៍
មានមនុស្សច្រើនណាស់ដែលបានប្រើពេល ២៤ម៉ោងទាំងគ្មានបានការអីសោះ ដោយគ្រាន់តែដេក ក្រោកញ៉ាំអី ផឹកកាហ្វេ លេងហ្កេម ហើយក៏ដល់ម៉ោងដេកទៅវិញ។ នេះពិតជាខ្ជះខ្ជាយពេកហើយ អ្នកគួរតែរកអ្វីដែលមានប្រយោជន៍ធ្វើ ឬក៏ការងារដែលបន្ថែមចំណូលដល់អ្នកវិញ។ លើសពីនេះការចំណាយពេលដោយគ្មានន័យបែបនេះអាចឲ្យអ្នកមានអារម្មណ៍ធុញថប់នឹងជីវិត ដោយគិតថាជីវិតគ្មានសេសសល់អីសោះ។

២. ប្រៀបធៀបខ្លួនឯងទៅនឹងគេ
មួយថ្ងៃៗគ្មានគិតអីក្រៅពីយកខ្លួនឯងទៅប្រៀបជាមួយគេ រួចហើយមកអង្គុយកើតទុកមិនសុខចិត្ត ថាហេតុអីគេល្អម្ល៉េះ? ម៉េចខ្លួនឯងអន់ម្ល៉េះ? បែបនេះគឺអ្នកមិនខុសអីពីយកភ្លើងមកទុកក្នុងទ្រូងទេ ថ្ងៃណាក៏មិនសប្បាយចិត្តដែរ។ លើសពីនេះវាមានតែការអន់ថយ គ្មានការរីកចម្រើនឡើយ ដូច្នេះអ្នកគូរតែលះបង់ចេញ ហើយប្រឹងអភិវឌ្ឍខ្លួនវិញ។

៣. ភាពខ្ជិលច្រអូស
ស្អីក៏មិនចង់ធ្វើៗ ហើយតាំងស្រែកថាខំដល់ងាប់ទៀតក៏មិនដូចគេដែរ ប៉ុន្តែអ្នកមិនដែលគិតថាហេតុផលដែលអ្នកគ្មានដូចគេនោះ មកពីអ្នកមិនប្រឹងប្រែង មិនឧស្សាហ៍ដូចគេ។ កុំព្យាយាមឲ្យភាពខ្ជិលនោះមកវាយលុកជីវិតអ្នក ព្រោះអ្នកនឹងគ្មានសេចក្ដីសុខ សុភមង្គលបានឡើយ។

៤. ក្រសោបមនុស្សខុស
មានមនុស្សមិនតិចទេដែលទ្រាំឱបក្រសោបមនុស្សខុស ក៏ព្រោះតែចិត្តមិនដាច់ ឬក៏គ្មានភាពនឹងធឹងខ្លួនឯង។ មួយថ្ងៃក្ដីទុក្ខកើនឡើងជាលំដាប់ ហើយតាំងថានេះជាវាសនាចារមក។ តែនេះមកពីអ្នកជាអ្នកកំណត់ជីវិតអ្នកបែបហ្នឹង បើអ្នកដឹងថាគេជាមនុស្សមិនល្អហើយគួរតែចាកចេញ មិនមែនទ្រាំទឹកភ្នែកទឹកសំបោរទេ។

៥. មិនហ៊ាន ស្ទាក់ស្ទើរ
ការដែលមិនហ៊ាន និងស្ទាក់ស្ទើរគឺជាចំណុចខ្សោយមួយដែលមិនអាចនាំអ្នកទៅរកភាពជោគជ័យ និងមើលឃើញពីរសជាតិជីវិតនោះទេ។ អ្នកគួរតែបោះចោលនូវចំណុចខ្សោយនេះ ហើយរៀនធ្វើខ្លួនឲ្យរឹងមាំ និងប្រឡូកអ្វីដែលថ្មី នោះទើបជីវិតមិនស៊ាំដដែលៗ៕