រាជធានីភ្នំពេញ ៖ រឿងរ៉ាវរបស់ពិធីករលោក សុខ រ៉ាស៊ី ជាមួយនឹងលោក អ៊ិន សុភិន ហាក់នៅតែមិនទាន់បញ្ចប់ទៅដោយងាយស្រួលនោះទេ ខណៈលោក សុខ រ៉ាស៊ី នៅតែបន្តផ្លែផ្កា និងបានដាក់ចំៗទៅលើលោក អ៊ិន សុភិន ដែលមានការទាក់ទងជាមួយនឹងការជំពាក់លុយមួយចំនួននោះ។

លោក សុខ រ៉ាស៊ី ធ្លាប់បានប្រកាសក្តែងៗថាលោកនឹងឲ្យច្បាប់ចាត់ការលោក អ៊ិន សុភិន ដាក់គុកតែម្ដងទៅដោយលោកហាក់លែងចង់បានលុយសំណងវិញហើយ ព្រោះទារយ៉ាងណាក៏លោក អ៊ិន សុភិន មិនសងខ្លួន។ បន្ថែមពីលើនេះពិធីកររូបនេះបានបង្ហោះសារមួយចំនួនទៀតថា «តើអ្នកជំពាក់លុយគេមាន រអៀសខ្លួនខ្លះទេ? មានខ្មាសផែនដីទេ? ដែលជំពាក់គេអត់សង? ខ្ញុំក៏ពិបាកដែរ សុខចិត្ត លក់ឡាន លក់ផ្ទះ តែមិនព្រមលក់កិត្តិយសទេ ព្រោះមួយជីវិត កិត្តិយសមានតែម្តងទេ តែបាត់បង់ហើយគ្មានថ្ងៃ យកមកវិញបានឡើយ! ស្រលាញ់កិត្តិយសផង! ស៊ូធ្លាក់ខ្លួន ជិះកង់បី ជិះម៉ូតូ ទៅធ្វើការ តែមិនអោយ ខូចកិត្តិយស! ពីខ្ញុំបាទ៖ សុខ រ៉ាសុី»។

យ៉ាងណាមិញ ងាកមកកាន់លោក អ៊ិន សុភិន វិញលោកហាក់មិនបានខ្វល់ខ្វាយជាមួយនឹងការលើកឡើងរបស់លោក សុខ រ៉ាស៊ី នោះឡើយ ដោយលោកបានបញ្ជាក់ថាទុកឲ្យច្បាប់ជាអ្នកសម្រេចលើករណីខាងលើនេះ៕