មកទល់នាពេលបច្ចុប្បន្ន ការកោសខ្យល់ ក៏នៅតែក្លាយជាក្បួនដ៏ពេញនិយមមួយសម្រាប់បងប្អូនប្រជាជនកម្ពុជាជ្រើសយកមកព្យាបាលនូវជំងឺកម្រិតបឋម ដោយមិនចាំបាច់ប្រើថ្នាំ ឬទៅពិនិត្យនៅមន្ទីរពេទ្យឡើយ។

យ៉ាងណាមិញ ការកោសខ្យល់នេះ មិនមែនមានន័យថាសុទ្ធតែល្អសម្រាប់សុខភាពរបស់មនុស្សទូទៅនោះទេ ខណៈពេលស្ថានភាពជំងឺដែលជួបប្រទះទៅលើបុគ្គលនីមួយៗមានលក្ខណៈខុសៗគ្នា។ មិនតែប៉ុណ្ណោះ មានចម្ងល់មួយចំនួនបានចោទឡើងថា ប្រសិនណាបើប្រើការកោសខ្យល់បែបនេះដើម្បីព្យាបាលអាការរោគធម្មតា តើអាចនឹងមានបញ្ហាដល់ប៉ះពាល់សុខភាពដែរឬទេ?

កត្តាដែលធ្វើឱ្យអ្នកដែលកោសខ្យល់រួចមានអារម្មណ៍ថាបានស្រលះស្រួលខ្លួន ឬធូរស្បើយពីអាការនៃជំងឺ បណ្ដាលមកពីការកោសខ្យល់នេះ ជួយទៅដល់ការបំបែកសរសៃឈាមតូចៗ ដើម្បីឱ្យធាតុក្តៅចេញពីក្នុងខ្លួន។ តែដោយឡែក តិចនិកនៃការព្យាបាលបែបនេះមិនតម្រូវត្រូវទៅតាមគ្រប់ប្រភេទអ្នកជំងឺនោះទេ ពីព្រោះដូចអ្វីបានបញ្ជាក់នៅខាងលើរួចហើយថា អ្នកដែលអាចកោសខ្យល់បានលុះត្រាតែគាត់មានអាការជំងឺកម្រិតស្រាល។ តែប្រសិនណាបើមានបុគ្គលដែលគាត់កើតរោគខ្យល់ដោយសារតែអាការជំងឺបេះដូងធ្វើទុក្ខ កុំអនុវត្តន៍វិធីនេះជាដាច់ខាត ដោយហេតុថា ការកោសខ្យល់ទាក់ទិនទៅនឹងសរសៃឈាម ហើយប្រសិនណាជាកោសខ្យល់ឱ្យគាត់ មិនព្រមបញ្ជូនទៅមន្ទីរពេទ្យ វាប្រៀបដូចជាយកជីវិតរបស់អ្នកជំងឺទៅប្រឈមនឹងការស្លាប់អ៊ីចឹង៕