មកទល់នាពេលបច្ចុប្បន្ន បញ្ហាសេពគ្រឿងស្រវឹងបង្ករឱ្យប៉ះពាល់ដល់សុខភាព កំពុងតែបន្តកើតមានឥតឈរ ខណៈពេលដែលមានមនុស្សរាប់លាននៅជុំវិញពិភពលោកបានប្រើប្រាស់ស្រាធ្វើជាយានទាញយកភាពរីករាយ និងបំបាត់ទុក្ខសោក។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី cnn.com បានបង្ហាញពីរបកគំហើយថ្មីនៃការសិក្សាស្រាវជ្រាវរបស់ក្រុមវេជ្ជសាស្ត្រ វិភាគទិន្នន័យលើការប្រើប្រាស់ជាតិអាល់កុលរបស់មនុស្សទូទាំងពិភពលោកក្នុងចន្លោះឆ្នាំ ២០១០ មកទល់ឆ្នាំ ២០២០។ តាមរបាយការណ៍នេះស្តែងឱ្យឃើញថា គិតក្នុងរយៈពេល ១០ឆ្នាំ មានបុគ្គលញៀនស្រាជាច្រើនរូបត្រូវបានកើតជំងឺមហារីកកាចសាហាវចំនួន ៣ប្រភេទគឺ មហារីកបំពង់អាហារ មហារីកសួត និងមហារីកសុដន់( កើតចំពោះស្រ្តី)។

អាស្រ័យហេតុដូចខាងលើនេះ ជាយុទ្ធសាស្ត្រសុខភាពសាធារណៈក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ឱ្យ មានការកាត់បន្ថយការសេពគ្រឿងស្រវឹង ផ្លាស់ប្តូរនូវការដាក់ស្លាកផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅតាមទីសាធារណៈ ដោយជួសមកវិញជាការព្រមានសុខភាពទាក់ទិននឹងបញ្ហាប្រឈមដែលបង្ករពីសារធាតុអាល់គុលជាដើម៕