រាជធានីភ្នំពេញ ៖ បវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា រ៉េត សារីតា បើទោះបីជានាងមិនបានទទួលចំណាត់ថ្នាក់ណាមួយនៅក្នុងការប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្តី ក៏ប៉ុន្តែនាងនៅតែជាធនធានដ៏សំខាន់មួយសម្រាប់សង្គមជាតិ ជាពិសេសនាងបានបង្ហាញអំពីវប្បធម៌ ក៏ដូចជាឈ្មោះប្រទេសកម្ពុជាដើម្បីឲ្យសលកលោកបានស្គាល់ និងបានដឹងផងដែរ។

យ៉ាងណាមិញ នាពេលថ្មីៗនេះកញ្ញារ៉េតសារីតានៃបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២០ បានគាំទ្រដល់យុទ្ធនាការរបស់អង្គការមួយដែលមានឈ្មោះថា អង្គការ Oxfam ដើម្បីការគាំពារមាតុភាព ឲ្យបានប្រសើរជាងមុនសម្រាប់ស្រ្តីដែលធ្វើការទាំងអស់រួមទាំងអ្នកធ្វើការក្រៅផ្លូវការផងដែរ។

កញ្ញាលើកឡើងថា កញ្ញានឹងប្រើប្រជាប្រិយភាពរបស់ខ្លួននិងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនេះ ដើម្បីគាំទ្រយុទ្ធនាការខាងលើផងដែរ។ កាលពីពេលថ្មីៗនេះ Sarita បាននិយាយថា «ក្នុងនាមជាស្ត្រីកម្ពុជាមួយរូបខ្ញុំមានការភ្ញាក់ផ្អើលនិងសោកសៅនៅពេលដែលដឹងថា ៩០% នៃស្ត្រីជាកម្មករនៅក្នុងប្រទេសកំណើតរបស់ខ្ញុំមិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍ការពារមាតុភាពដោយសារតែពួកគេស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ» ខណៈដែលកញ្ញាបានបន្ថែមយ៉ាងដូច្នេះថា «ស្រ្តី និងអ្នកម្តាយដែលធ្វើការទាំងអស់គួរតែទទួលបាននូវសន្តិសុខប្រាក់ចំណូលដើម្បីមើលថែទាំខ្លួន និងកូនៗរបស់ពួកគេ។»

ជាមួយគ្នានេះផងដែរ កញ្ញាក៏បានបង្ហោះនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា «៩០% នៃកម្លាំងពលកម្មជាស្រ្ដីក្នុងប្រទេសកម្ពុជាមិនទាន់ទទួលបានការគាំពារមាតុភាពនៅឡើយទេ ក៏ព្រោះតែពួកគេស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងនាមជាអ្នកតស៊ូមតិក្នុងរយៈពេលកន្លងមក ដើម្បីសមភាពយេនឌ័រ សុខភាពផ្លូវភេទនិងសុខភាពបន្ដពូជ រួមទាំងការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី នាងខ្ញុំជឿជាក់ថា ស្រ្ដីកម្ពុជាគួរតែទទួលបាននូវការការពារដោយច្បាប់ និងទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ជាជនងាយរងគ្រោះបំផុត ក្នុងអំឡុងពេលពពោះ និងសម្រាកមាតុភាព។ ស្រ្ដីកម្ពុជាជាសសរទ្រូងនៃគ្រួសារ និងសង្គមរបស់យើង។ តាមរយៈការគាំពារពួកគាត់ មានន័យថាយើងការពារខ្លួនរបស់យើង និងប្រទេសជាតិរបស់យើង!»៕