រាជធានីភ្នំពេញ ៖ នាពេលថ្មីៗកន្លងទៅនេះ អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ រួមទាំងស្វាមី​ បាន​រៀប​ចំ​ពិធី​មួយ​​​មាន​ឈ្មោះ​ថា​ «រៀបរាម​ខ្នើយ​» នៅ​ក្នុង​វត្ត​មួយកន្លែង ជាហេតុធ្វើ​​ឱ្យ​មហាជន​មាន​ការ ភ្ញាក់ផ្អើល និង​សង្ស័យ​យ៉ាង​ខ្លាំង​ថា​ តើ​អ្នកម្តាយរូបនេះការ​រៀបចំ​ពិធី​នេះ​ដើម្បី​អ្វី​ដែរ?​

បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់​អ្នក​នាង​ គង់​ ចាន់​ស្រីមុំ​ បានលើកឡើងថា «ប៉ាប៉ា​ ម៉ាមី​ មនមករៀបចំពិធីរៀបរាមខ្នេីយ​ ម្តងទៀត​ 💗តែកុំមេីលកាទ្រីតនកណ្តាលដូចជាសប្បាយក្អាកក្អាយដល់ហេីយ🥰👨‍👩‍👧នាងខ្ញុំនិងក្រុមគ្រួសារសូមអរព្រះគុណ​ លោកបង​ ថុងរី​ ដែលបានដេញវេលាយកថ្ងៃល្អ​ វេលាល្អ​ គឺថ្ងៃទី​១២​ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង​ ៤:៣៣នាទី​ ព្រឹកជូនដល់គ្រួសារនាងខ្ញុំ»។

យ៉ាងណាមិញបន្ទាប់ពីតារាស្រីរូបនេះបង្ហោះទាក់ទិននឹងឈ្មោះពិធីខាងលើរួច ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានចោទជាចំងល់ថា តើគេធ្វើកម្មវិធី រៀបរាមខ្នើយនេះឡើងក្នុងន័យអ្វីដែរ?

ជាមួយគ្នានេះ ថ្វីបើអ្នកនាង គង់ ចាន់ស្រីមុំ ពុំបានបញ្ជាក់ពីសំនួរខាងលើ ក៏មានគណនីហ្វេសប៊ុកមួយបានបកស្រាយថា កម្មវិធី​រៀបរាម​ខ្នើយ​នេះ​ គេ​រៀបចំ​ឡើង​ដោយ​សារ​តែ​អ្នក​រៀប​មង្គល​ការ​ហើយ​មិន​សូវ​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ​ រៀបការ​ហើយ​យូរ​មិនមាន​កូន​ ឬ​ពិបាក​មាន​កូន​ ទើប​គេ​រើស​ថ្ងៃ​ល្អ​ រៀបចំ​ពិធី​នេះ​ ប្រៀប​ដូច​ជា​រៀប​ការ​ម្ដង​ទៀត​​។ ចំណែក​អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា​ គេ​រៀប​ពិធីនេះ​ឡើង​វិញ​ គឺ​ដូច​ទៅ​នឹង​ការ​រៀប​ការ​ម្ដង​ទៀត​ ដោយ​សារ​តែ​កាល​ពី​មុន​រៀបចំ​ពិធី​មង្គល​ការ​ ខុស​ខែ​ថ្ងៃជាដើម​៕