ការទម្លាប់ខ្លួនគឺជារឿងមួយដែលគ្រប់គ្នាត្រូវតែមាន ព្រោះវាអាចកំណត់វាសនារបស់យើងបានមួយផ្នែកធំក្នុងជីវិត។ បើអ្នកទម្លាប់ខ្លួនខ្ជិល ខ្ចីខ្ជា នោះការងារអ្នកនឹងមានរកឃើញពាក្យជោគជ័យបានឡើយ ហើយលើសពីនេះគេនឹងមើលងាយអ្នកតាមអ្វីដែលអ្នកបានបង្ហាញ។ ដូច្នេះត្រូវតែរៀនទម្លាប់ខ្លួនឲ្យបានល្អ ថ្លៃថ្នូរ ដើម្បីឲ្យខ្លួនឯងឆ្លាតវៃ និងត្រូវបានគេគោរពឲ្យតម្លៃខ្ពស់ ៖

១. គិតឲ្យច្រើនជាងនិយាយ
ត្រូវទម្លាប់គិតឲ្យបានច្រើនជាងការនិយាយទាំងមិនទាន់ដឹង ឬគ្មានបានប្រយោជន៍អីសោះ។ ភាគច្រើនមនុស្សមិនសូវប៉ប៉ាច់ប៉ប៉ោចច្រើន ហើយពិចារណាបានច្រើនគឺជាមនុស្សដែលខ្លាំងព្រោះមុននឹងនិយាយអីមួយគេគិតគ្រប់សព្វ។

២. មានការជជែកពិភាក្សាគ្នា
ការពិភាក្សាបានធ្វើឲ្យខួរក្បាលយើងរហ័សរហួន និងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងក្នុងការចូលរួម និងចែករំលែករឿងដែលអ្នកទទួលបាន និងទទួលយកគំនិតថ្មីៗដែលយើងមិនទាន់មាន។ ការចែករំលែកគឺជាវិធីសាស្ត្រមួយដែលជួយពង្រឹងសមត្ថភាពខួរក្បាល និងទំនុកចិត្ត ដូច្នេះបើអ្នកគិតថាអ្វីដែលអ្នកអាចចែករំលែកទៅនោះល្អគួរតែរៀនចែករំលែក។

៣. តស៊ូបញ្ចប់ការងារដែលអ្នកត្រូវធ្វើ
ទោះបីជាអ្នកមានអារម្មណ៍ថាធុញ ហត់នឿយជាមួយវាក៏ដោយក៏យើងត្រូវតែព្យាយាមបញ្ចប់វាដែរព្រោះវាជាភារកិច្ចយើង ដូច្នេះពេលដែលយើងព្យាយាមធ្វើអ្វីមួយដែលធុញ នោះយើងនឹងរកវិធីច្នៃវាឲ្យទៅការងារងាយស្រួលហើយ។ កុំទម្លាប់ធ្វើអីមួយទុកចោលកណ្ដាលទី ហើយយករួចខ្លួនមិនគិតមិនខ្វល់ខ្វាយនោះ ព្រោះវាអាចឲ្យអ្នកបរាជ័យបានទៅថ្ងៃក្រោយ។

៤. ធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់
យើងគ្រាន់តែស្ដាប់បានហើយមិនបាច់ប្រកែក ឬ ប្រកួតជាមួយអ្នកណាម្នាក់ដើម្បីចង់ឲ្យគេចាញ់យើងនោះទេ ព្រោះយើងដឹងពីគំនិត និងអ្វីដែលគេមានហើយ។ មនុស្សដែលចូលចិត្តស្ដាប់គឺតែងតែត្រូវបានគេសម្គាល់ថាជាមនុស្សដ៏ឈ្លាសវៃ និងខ្លាំងក្លាម្នាក់។

៥. បណ្ដុះខ្លួនជាមួយសង្គម
ការដាក់ខ្លួនចូលទៅក្នុងសង្គមគឺពិតជាធ្វើឲ្យយើងរឹងមាំ និង ឈ្លាសវៃខ្លាំងណាស់ ព្រោះយើងអាចជួបរឿងជាច្រើនដែលអ្នកមិនធ្លាប់ជួប និង ភាពអស្ចារ្យជាច្រើនដែលយើងមិនដែលរៀននៅក្នុងសាលា។ ធ្វើការជាមួយសង្គមអាចឲ្យអ្នកមានគំនិត និងទស្សនៈវិស័យវែងឆ្ងាយជាងមុន ហើយក៏ត្រូវបានគេគោរពស្រឡាញ់ច្រើនដែរ។

៦. បណ្ដុះស្នេហាឲ្យក្លាយជាកម្លាំងចិត្ត
អ្នកត្រូវចេះគ្រប់គ្រងលើស្នេហាដែលយើងមាន ហើយធ្វើយ៉ាងណាឲ្យស្នេហារបស់យើងក្លាយទៅជាកម្លាំងម្យ៉ាងដែលលើកទឹកចិត្តយើងក្នុងការធ្វើអ្វីមួយ មិនមែនបង្អាក់ដំណើរនោះទេ។

ការពិតឲ្យតែមានការតស៊ូ និង ចេះអភិវឌ្ឍខ្លួន យើងនឹងមានភាពខ្លាំង។ ទម្លាប់ខ្លួនឲ្យល្អ អ្នកនឹងទទួលបានផលល្អ ទម្លាប់ខ្លួនអាក្រក់អ្នកនឹងទទួលបានផលអាក្រក់៕