រាជធានីភ្នំពេញ ៖ ក្រោយជាសះស្បើយពីជំងឺកូវីដ ហើយបានវិលត្រឡប់មកផ្ទះវិញ វីរសិល្បករជើងចាស់ លោកយាយ ណាយ សំណាង បែរជាមានអាការនៅវង្វេងវង្វាន់ស្មារតី ដោយនិយាយមិនរួចទេ ។

លោកអ៊ឹម ជីវ៉ា បានបង្ហោះនៅគណនីហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានខ្លឹមសារថា «អាណិតណាស់ វិរៈសិល្បករលោកយាយ ណយ សំណាង បន្ទាប់ពីព្យាបាលជំងឺកូវីត១៩ ជាសៈស្បើយបែរជាវង្វេងស្មាតី និយាយមិនរួចទៅវិញ !

ខ្ញុំបាទបាននាំយកថវិកា លោកជំទាវ ហ៊ុយ ជូ និង លោកឧកញ៉ា លឹម លាង មកជូននិងមកសួរសុខទុក្ខលោកយាយ ណាយ សំណាង វិរៈសិល្បករ បន្ទាប់ពីគាត់ត្រូវបានវិលត្រឡប់មកពីព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យខ្មែ-សូវៀត បានវិលមកផ្ទះវិញជិត២ខែហើយ តែអាការគាត់នៅវង្វេងវង្វាន់ដដែល ដោយតារាជើងចាស់រូបនេះនិយាយមិនរួចទេ !

តាមការឲ្យដឹងពីលោកវណ្ណា ស័ក្ក ដែលជាតារាចម្រៀង និងជាកូនរបស់គាត់បាននិយាយថា ការចូលពេទ្យដំបូងគឺ គាត់មានអាការធម្មតាទេ ប៉ុន្តែពេលចូលសង្រ្គោះបន្ទាន់ព្យាបាលជាសៈស្បើយ គឺមកពីម្តាយគាត់បានឃើញទិដ្ឋភាពក្នុងពេទ្យគឺ មានអ្នកជំងឺស្លាប់រាល់ថ្ងៃ គឺធ្វើឲ្យគាត់មានភ័យតក់ស្លុតផ្នែកស្មារតី ទើបគាត់មានអាការវង្វេងបែបនេះ។

លោកវណ្ណា ស័ក្ក បានបន្តទៀតថា ទោះបីជាមានអាការវង្វេងបែបនេះមែន លោកបានប្រាប់ថា មិនយូរទេ ជំងឺនេះនឹងបានជាសះស្បើយបន្តិចម្តង លោកនិងព្យាយាមព្យាបាលម្តាយលោក។ ហើយលោកក្តី សូមថ្លែងអំណរគុណដល់ លោកអ៊ឹម ជីវ៉ា តំណាងឲ្យលោកជំទាវ ហ៊ុយ ជូ និង ឯកឧត្តមលឹម លាង ដែលបានផ្តល់ថវិកាតាមរយៈលោកអ៊ឹម ជីវ៉ា ជួយដល់ម្តាយលោកផងដែរ»៕