រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមអនឡាញនាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដ១៩ នៅតាមព្រំដែនប្រទេសវៀតណាម ដោយសារតែអានិកជនវៀតណាមមួយចំនួននៅតែបន្តឆ្លងដែនចេញ-ចូល ប្រទេសកម្ពុជា។

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅតាមរយៈសារពិសេសនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំរួចម្តងមកហើយឱ្យទប់ស្កាត់កុំឱ្យមានការឆ្លងចេញ-ចូលរបស់អាណិកជនវៀតណាម។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោងទៅតាមរបាយការណ៍ គឺនៅតែមានជនជាតិវៀតណាមឆ្លងចេញចូលប្រទេសកម្ពុជា។

ប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងអត្រាមួយខ្ពស់ គឺឈានដល់ខ្ទង់ជាងពាន់នាក់រយៈពេលពីរបីថ្ងៃជាប់គ្នា។ ជាពិសេសនៅក្នុងទីក្រុងហូជីមិញ ដែលនាំឱ្យអាជ្ញាធរចាត់វិធានការបិទទីក្រុងនេះថែមទៀតផង។

ក្រៅតែពីនៅទីក្រុងហូជីមិញ នៅតាមខេត្តជាប់ព្រំដែនជាមួយកម្ពុជា ក៏កំពុងរងការរាតត្បាតជំងឺកូវីដ១៩ខ្លាំងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យត្រួតពិនិត្យបន្ថែមនៅតាមខេត្តជាប់ព្រំដែនវៀតណាម បញ្ឈប់ឱ្យមានការឆ្លងចេញចូលរបស់ជនជាតិវៀតណាម។

សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ការឆ្លងចេញចូលរបស់ជនជាតិវៀតណាម ជាបញ្ហាគ្រោះថ្នាក់មួយនាំដល់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនផងដែរ៕