រាជធានីភ្នំពេញ ៖ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីប្រកាសស្តីពីការសាងសង់ប្រាសាទថ្មនៅក្នុងខេត្តបុរីរម្យ នៃប្រទេសថៃ ដោយក្រសួង​បានបញ្ជាក់ថាស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានចុះទៅធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានប្រមូលនូវព័ត៌មានមួយចំនួន ខណៈក្រសួងបានលើកឡើងថាសំណង់ប្រាសាទដែលថៃកំពុងតែសាងសង់នោះជាសំណង់មួយនៅក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នាជាទីប្រតិស្ថាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្របពេលដែលព្រះចៅអធិការវត្តនៅប្រទេសថៃបានលើកឡើងថាការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬដូចទៅនឹងប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជានោះឡើយ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានឃើញក្រសួងបានបញ្ចេញសេចក្ដីប្រកាសព័ត៌មានយ៉ាងដូច្នេះ កញ្ញា លីវ ជីលី ដែលជាបវរកញ្ញាមួយរូបប្រចាំកម្មវិធី Miss Grand Cambodia​ 2020 បានចេញមុខមកប្រតិកម្ម និងបានសួរបកទៅកាន់ក្រសួងវិញថា «ក្នុងសេចក្ដីប្រកាសថាមិនមែន តែជាក់ស្តែងគម្រោងប្លង់នៃការសាងសង់ជួយមើលថាដូចប៉ុន្មានភាគរយ?»។

កញ្ញា លីវ ជីលី បានលើកឡើងថា មនុស្សជាអ្នកបង្កើត ចំណេះដឹង វប្បធម៌ ទំនៀមទម្លាប់និងស្ថាបត្យកម្មផ្សេងៗ ទៅនឹងរចនាបថនៃប្រទេសនីមួយៗ
ទន្ទឹមនឹងនោះ ចំណេះដឹងមួយចំនួនបានធ្វើឲ្យមនុស្ស មួយចំនួនក្បត់ឧត្ដមគតិដោយសារតែ ភាពលោភលន់ ចង់មានចង់បានដែលអ្វីមិនមែនជារបស់ខ្លួន ហ៊ានបំពាន សច្ចភាពភ្លេចនូវបណ្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើង។ អង្គរវត្តមានតែ១លើពិភពលោកដែលជាបេតិកភណ្ឌពិភពលោក!សូមបងប្អូនមើលហើយវិភាគឲ្យមែនទែន៕