រាជធានីភ្នំពេញ ៖ នាពេលថ្មីៗនេះលេចលឺដំណឹងថាថៃគ្រោងសាងសង់អង្គរវត្តទី០២ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងមកដល់បណ្តាបងប្អូនប្រជាពលរដ្ឋខ្មែរ ខណៈការសាងសង់ប្រាសាទកំពូល ៣ដែលយករចនាបថខ្មែរបានដោយជោគជ័យនៅប្រទេសថៃនោះ ហើយនៅពេលនេះផងដែរមហាជនខ្មែរក៏កំពុងទន្ទឹង និងរង់ចាំមើលចំណាត់ការរបស់ក្រសួងពាក់ព័ន្ធចំពោះករណីខាងលើនេះ។

យ៉ាងណាមហាជន ក៏ដូចជាប្រជាជនខ្មែរភាគច្រើនហាក់សម្តែងការមិនពេញចិត្តជាខ្លាំងចំពោះការលួចសាងសង់អង្គរវត្តទី២ ដែលថៃកំពុងតែរៀបគម្រោង និងបង្ហាញប្លង់មួយចំនួន ខណៈក៏មានបណ្តាអ្នកសិល្បៈខ្មែរ មួយចំនួនតូចក៏បានចេញមុខប្រតិកម្មទៅនឹងគ្រោងការរបស់ថៃ។ ជាមួយគ្នានេះដែរបវរកញ្ញាឯកម្ពុជាដែលជាម្ចាស់ម្កុដ Miss Grand Cambodia 2020 ក៏បានចេញមុខប្រតិកម្ម និងបានស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជ្រាបពីបញ្ហានេះ ដោយកញ្ញាបានលើកឡើងថា «ប្រទេសខ្មែរហេតុអ្វីជួបតែរឿងប្លែកៗ សូមសម្តេចមេត្តាជ្រាប»៕