រាជធានីភ្នំពេញ ៖ ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួន ក្នុងហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តាមដីកាកោះ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ។

យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី ចាន់ ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឈ្មោះប្រាក់ ប្រាកដ បាននិយាយធានារត់ការផ្ទេរឈ្មោះតួនាទីប្តីរបស់នាង ឈ្មោះ អេង អូន ចេញពីក្របខណ្ឌកងទ័ព ទៅជាក្របខណ្ឌនគរបាលជាតិ និងឡើងធ្វើជាស្នងការរងនគរបាលខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការចំនួន៣០ម៉ឺនដុល្លារ។

ក្រោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រី ចាន់ ធូ និងស្វាមី បានប្រគល់លុយចំនួន១០ម៉ឺនដុល្លារ អោយទៅឈ្មោះប្រាក់ ប្រាកដ ហើយរង់ចាំលទ្ធផលផ្ទេរឈ្មោះ និងតួនាទីដោយមានតួនាទីជាស្នងការរងជាផ្លូវការ ទើបប្រគល់ប្រាក់ថែម២០ម៉ឺនដុល្លារទៀត។

ក្នុងពាក្យបណ្តឹងដដែល បន្តទៀតថា ក្រោយទទួលបានលុយរួចមក ឈ្មោះ ប្រាក់ ប្រាកដ ពុំបានធ្វើតាមការសន្យាឡើយ ហើយបានប្រើឡេះមិនចេះចប់មិនចេះហើយ ពេលទូរស័ព្ទសួរនាំ និងទាមទារយកលុយមកវិញ បើខ្លួនរត់ការមិនបាន គឺឈ្មោះនេះមិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ។

ជនរងគ្រោះ បានសំណូមពរឲ្យសមត្ថកិច្ច ចាប់ខ្លួនឈ្មោះប្រាក់ ប្រាកដ និងបក្ខពួកចាត់ការតាមផ្លូវច្បាប់។ ទាមទាររយកប្រាក១០ម៉ឺនដុល្លារនោះមកវិញ និងទាមទារប្រាក់សងជំងឺចិត្ត និងខាត់បង់ពេលវេលាចំនួន៥ម៉ឺនដុល្លារ។

លុះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារង ស៊ិត វណ្ណៈ បានចេញដីកាកោះហៅឈ្មោះ ប្រាក់ ប្រាកដ អោយចូលខ្លួនមកឆ្លើយបំភ្លឺ នៅថ្ងៃទី១៧ ខែមិថុនា តែឈ្មោះនេះមិនព្រមចូលខ្លួន ទើបបង្គាប់អោយនាំខ្លួនតែម្ដង ។ ជុំវិញនឹងករណីនេះ «KBN» នៅមិនទាន់សុំការបកស្រាយពីឧកញ៉ា ប្រាក់ ប្រាកដ បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍ជានិច្ច៕