បរទេស៖ ក្រោយពេលពួកយោធាភូមាធ្វើរដ្ឋប្រហារ និងបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមបាតុករអហិង្សានោះមក រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិបានអំពាវនាវដ៏កម្រមួយ ​ឲ្យផ្អាកការលក់អាវុធ​ទៅឲ្យរបបសឹកមួយនេះ។

សារព័ត៌មាន BBC បាន​ផ្សាយ កាលពីថ្ងៃទី១៨ ខែមិថុនា ថា អង្គការសហប្រជាជា​តិបានចេញនូវសេចក្ដីអំពាវនាវដ៏កម្រមួយ ឲ្យផ្អាកការលក់អាវុធដល់​ភូមា ដើម្បីឆ្លើយតបទៅនឹងអំពើរដ្ឋប្រហារយោធាដ៏ហិង្សា នៅក្នុងប្រទេសនេះ។​ មហាសន្និបាតអង្គការសហប្រជាជាតិ​​បានអនុម័តនូវដំណោះស្រាយ ថ្កោលទោសដល់របស់យោធា ដែលបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសភូមា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។​

ជាមួយគ្នានេះ អង្គការសហប្រជាជាតិ​ ក៏បានអំពាវនាវឲ្យមានការដោះលែងអ្នកជាប់ឃុំឃាំងផ្នែកនយោបាយ ដូចជា មេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុង សាន់ស៊ូជី (​Aung San Suu Kyi)…ជាដើម ហើយបញ្ចប់នូវអំពើហិង្សា ប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា។​​

លោកស្រី Christine Schraner Burgener ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសភូមា បានប្រាប់ដល់មហាសន្និបាតថា «គ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំនឹងកើតមាននៅក្នុងប្រទេសនេះ។ នេះជាពេលវេលាដ៏សំខាន់បំផុត ហើយឱកាស ដើម្បីវិលត្រឡប់របស់ការដណ្ដើមអំណាចរបស់យោធា​ កំពុងស្ថិតក្នុងផ្លូវមួយដ៏តូចបំផុតមួយ»។​

ប្រទេសចំនួន១១៩បានគាំទ្រដល់ដំណោះស្រាយនេះ ហើយមានតែប្រទេសប៊ែឡារុសមួយប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំងនឹងដំណោះនេះ។ ដោយឡែកប្រទេសចំនួន៣៦ផ្សេងទៀត បានបដិសេធ រួមមាន រុស្ស៊ី និងចិន ដែលប្រទេសទាំង២នេះ​ ជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់ពួកយោធាភូមា។​

លោក Olof Skoog ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា​«ដំណោះស្រាយនេះ បានធ្វើប្រតិភូកម្មលើរបបយោធា ហើយថ្កោលទោសដល់ការរំលោភបំពាន និងអំពើហិង្សារបស់ពួកយោធា ប្រឆាំនឹងប្រជាពលរដ្ឋខ្លួនឯង។​ នេះបង្ហាញពីភាពឯកោរបស់ពួកយោធាភូមា នៅក្នុងក្រសែភ្នែករបស់ពិភពលោក»។

ដោយឡែក លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូតភូមា​ប្រចាំនៅអង្គការសហប្រជាជាតិ ​តំណាង​ឲ្យរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោត បានថ្លែងថា លោកមានការខកចិត្ត ចំពោះការចំណាយពេលដ៏យូរ សម្រាប់មហាសន្និបាតនេះ អនុម័តនូវអ្វីដែលលោកហៅថា «ជាដំណោះស្រាយមិនមានប្រយោជន៍»។​

លោកស្រី ស៊ូជី មានវ័យ៧៥ឆ្នា បានស្ថិតក្នុងការឃុំឃាំង នៅក្នុងផ្ទះ ចាប់តាំង​ពីពេលមានរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ហើយ​គេមិនបានឃើញ និងឮលោកស្រីនោះទេ លើកលែងតែពេលបង្ហាញខ្លួន នៅ​តុលាការ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

បើតាមសមាគមជំនួយ​អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា ប្រទេសភូមាបានធ្លាក់ចូល​ក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលមេដឹកនាំយោធា នៃប្រទេសនេះ បានធ្វើរដ្ឋប្រហារ​រឹបអូសអំណាច និងចាប់ឃុំខ្លួនថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល។ ប្រជាពលរដ្ឋ នៃប្រទេសនេះបានផ្ទុះឡើង តវ៉ាប្រឆាំងនឹងពួកយោធា ហើយកងសន្ដិសុខ​បានសម្លាប់​អ្នកតវ៉ាអហិង្សាយ៉ាងឃោរឃៅ ជាង៨៦០នាក់ និងចាប់ឃុំឃាំងអ្នកពាក់ព័ន្ធ ជិត៥ ០០០នាក់ រហូតមកដល់ពេលនេះ៕