បរទេស៖ ចាប់តាំងពីការផ្ទុះឡើងនូវវីរុសកូរ៉ូណា ហៅកាត់ កូវីដ-១៩ (Coronavirus Disease 2019) នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្ដហ៊ូប៉ី នាភាគកណ្ដាល ប្រទេសចិន រហូតមកដល់ពេលនេះ ធ្វើឲ្យសេដ្ឋកិច្ចរបស់ពិភពលោក​ខាតបង់ រាប់សិបលានលានដុល្លារសហរដ្ឋអាមេរិក ហើយបច្ចុប្បន្នបណ្ដាប្រទេសនានា នៅទូទាំងពិភពលោក កំពុងតែបង្កើនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីបើកទ្វារប្រទេសស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងឡើងវិញ។

បើតាមគេហទំព័រ Ourworldindata បានផ្សាយថា មនុស្សជាតិចំនួន២១,១ភាគរយ នៃប្រជាពលរដ្ឋ សរុបជាង៧,៨ពាន់លាននាក់ នៅលើពិភពលោក យ៉ាងហោចណាស់ក៏ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នូវដូសទី១របស់ពួកគេរួចមកហើយដែរ។ បើគិតមកដល់ពេលនេះ វ៉ាក់សាំងចំនួន២,៥ពាន់លានដូស ត្រូវបានចាក់ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងពិភពលោក ហើយមនុស្ស ជាង ៣៣,៩លាននាក់ ត្រូវបានចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃ។ ដោយឡែក ប្រជាពលរដ្ឋ រស់នៅក្នុងប្រទេសក្រីក្រ ចំនួន០,៨ភាគរយ យ៉ាងហោចណាស់ ក៏ទទួលបានការចាក់វ៉ាក់សាំងនូវដូសទី១របស់ពួកគេផងដែរ។​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំ២០២០ បានកែប្រែការប៉ាន់ស្មានរបស់ខ្លួន អំពីផលប៉ះពាល់ដល់​សេដ្ឋកិច្ចពិភពលោក បង្កឡើង ដោយសារជំងឺកូវីដ​-១៩​។ ប៉ុន្តែ IMF បានព្រមានថា ការប៉ាន់ប្រមាណចុងក្រោយ សម្រាប់ជំងឺរាតត្បាត ពិភពលោកនឹង​មានការខាតបង់ ​សរុប២៨លានលានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក សារព័ត៌មាន Statista បានចេញផ្សាយ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នា២០២១ ថា មិនមានវិធីណាមួយអាចប្រាប់ឲ្យបានជាក់លាក់ អំពីការខាតបង់សេដ្ឋកិច្ចរបស់ពិភពលោក បង្កឡើង ដោយជំងឺរាតត្បាតជាសកលនោះឡើយ។ ប៉ុន្ដែមានការឯកភាពជាទូទៅក្នុងចំណោមសេដ្ឋវិទូជាច្រើនថា រោគរាតត្បាតនេះ នឹងជះឥទ្ធិពលជាអវិជ្ជមានធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ពិភពលោក។

ការប៉ាន់ប្រមាណជាដំបូង បានព្យាករ​ថា ប្រសិនបើវីរុសនេះក្លាយ​ជាជំងឺរាតត្បាតសកលនោះ សេដ្ឋកិច្ចដ៏ចម្បងរបស់ពិភពលោក នឹងខាតបង់យ៉ាងហោចណាស់ ២,៩ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២០។ ការព្យាករណ៍នេះ ត្រូវបានកំណត់រួចមកហើយ ចំពោះការខាតបង់ GDP សរុប ៤,៥ ភាគរយ។ ដើម្បីដាក់ចំនួននេះ តាមទស្សនវិស័យ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៨៧,៥៥ លានលាន​ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៩។ នេះមាន​ន័យថា ​កំណើនសេដ្ឋកិច្ច បានធ្លាក់ចុះ ៤,៥ ភាគរយ បណ្តាលឱ្យខាតបង់សេដ្ឋកិច្ច ជិត ៣,៩៤ លានលានដុល្លារអាមេរិក៕