រហូតមកដល់ពេលនេះ បណ្ដាប្រទេសនានា នៅលើពិភពលោក ក៏ដូចជា កម្ពុជា និងប្រទេសភូមិផងរបងជាមួយ កំពុងតែសម្រុកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនភាពស៊ាំ សម្រាប់បើកទ្វារប្រទេស ដំណើរការសេដ្ឋកិច្ចឡើងវិញ។

សារព័ត៌មាន The Nation  បាន​ដកស្រង់ប្រភពព័ត៌មានពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) យកមកចុះផ្សាយ នៅថ្ងៃទី១៨ ខែមិថុនា ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី១ ជូនដល់ប្រជាពលរដ្ឋ ចំនួន ១៣៧ ៧៧៦នាក់ ខណៈអ្នកចាក់ដូសទី២ មានចំនួន ៧៨ ១០៩នាក់។ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន សរុប ជាង៧,២លាននាក់ (៧ ២១៩ ៦៦៨នាក់) ។​ បច្ចុប្បន្ន ថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer, Johnson & Johnson, Moderna, AstraZeneca, Sinovac និង Sinopharm ។

បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា បានចេញផ្សាយថា គិតត្រឹម ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ សរុបជាង៣,១លាននាក់ (៣ ១៩៩ ៦៤២នាក់)។ កម្ពុជាបានប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៣ប្រភេទ រួមមាន Sinopharm Bejing, Covisheld (AstraZeneca) និង Sinovac។

សារព័ត៌មានវៀតណាម (Vietnamnet) បានផ្សាយ កាលពីថ្ងៃទី១៦​ ខែមិថុនា ថា វៀតណាមរំពឹងថា ចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ខាងមុខ វៀតណាមនឹងត្រូវទទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca  ចំនួន៣លានដូស និងវ៉ាក់សាំង​ Pfizer ចំនួន៣លានដូសបន្ថែមទៀត។​ គិតត្រឹមវេលាខាងលើនេះ វៀតណាម បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់គោលដៅអាទិភាព ​ចំនួន១,៥៥លានដូស។​ វៀតណាម បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ​កូវីដ-១៩​ជាច្រើន​ប្រភេទ រួមមាន វ៉ាក់សាំង​ AstraZeneca របស់ចក្រភពអង់គ្លេស, វ៉ាក់សាំង​ Sputnik V របស់រុស្ស៊ី​, វ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Pfizer របស់អាមេរិក។

បើតាមគេហទំព័រ Ourworldindata បានឲ្យដឹងថា ឡាវបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ចំនួនជាង១,១៣លាននាក់។ ឡាវអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm Beijing របស់ចិន និង Sputnik V របស់រុស្ស៊ី ហើយតាមរយៈ COVAX alliance ឡាវក៏នឹងទទួល​បានវ៉ាក់សាំង Oxford AstraZeneca ផងដែរ៕