រាជធានីបាងកក៖ ក្រោយពេលស្រ្ដីម្នាក់ ជាអ្នកមើលថែទាំ នៅក្នុងអគារគណៈរដ្ឋមន្រ្ដី ​ធ្វើតេស្ដរកឃើញវិជ្ជមាន នៃវីរុសកូវីដ-១៩នោះមក ទាំងលោកនាយករដ្ឋមន្រ្ដីថៃ អ្នកជំនួយការជិតស្និទ្ធរបស់លោក និងមន្រ្ដីរដ្ឋាភិបាលជាច្រើននាក់ទៀត បានសម្រុកនាំគ្នាទៅធ្វើតេស្ដ ស្វែងរកវីរុសកូវីដ-១៩ នៅថ្ងៃសុក្រ (ទី១៨ ខែមិថុនា) នេះ។

សារព័ត៌មាន The Nation បានផ្សាយ នៅថ្ងៃទី១៨ ខែមិថុនា ថា លោកនាយករដ្ឋមន្រ្ដី អ្នកជំនួយការជិតស្និទ្ធរបស់លោក និងមន្រ្ដីរដ្ឋាភិបាលជាច្រើននាក់​ទៀត បានទៅធ្វើតេស្ដស្វែងរកកូវីដ-១៩។ ការ​​តេស្ដរបស់មន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃ​នេះ បានកើតឡើង ក្រោយពេលស្រ្ដីម្នាក់ជាអ្នកថែទាំ នៅក្នុង​គណៈរដ្ឋមន្រ្ដី​ បានធ្វើតេស្ដរកឃើញវិជ្ជមាន នៃកូវីដ-១៩ កាលពីថ្ងៃពុធ ទី១៦ ខែមិថុនា។​

ស្ត្រីរូបនេះបានបម្រើការងារដល់​សមាជិកសភាជាច្រើននាក់ នៅចន្លោះពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ខណៈ​ពួកគេកំពុងតែពិភាក្សាទៅលើគម្រោងថវិកាជាតិ ឆ្នាំ២០២២ ហើយបន្ទាប់​មក នៅថ្ងៃទី៩ ខែមិថុនា ក៏វិលមកពិភាក្សា​លើក្រឹត្យប្រាក់កម្ចី ចំនួន៥០០ពាន់លានបាត ឬស្មើនឹង ១៥ ៩៥៥ ៦០៨ ៤៧១ដុល្លារសហរដ្ឋអាមេរិក​ម្ដងទៀត។ ​នៅក្នុងការធ្វើតេស្ដនោះ រកឃើញថា លោកនាយករដ្ឋមន្រ្ដីថៃ មានអវិជ្ជមាន នៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្រ្ដី នឹងនៅតែចូលរួមកិច្ចប្រជុំប្រចាំថ្ងៃជាមួយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) តាមរយៈប្រព័ន្ធវីដេអូខន់ហ្វេរ៉ែន ដដែល។

បើតាម CCSA  បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ CCSA បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៣ ០៥៨នាក់  ហើយក្នុងនោះមានអ្នកទោស ចំនួន ៤៥៩នាក់ និងអ្នកវិលត្រឡប់មកពីក្រៅប្រទេស ចំនួន១៩នាក់ផងដែរ។ ក្រៅពីនេះ នៅក្នុងប្រទេសថៃ ក៏មានករណីស្លាប់ថ្មី ដោយកូវីដ-១៩ ចំនួន២២នាក់ និងអ្នកជាសះស្បើយពីជំងឺ ចំនួន ៤ ០៩៤នាក់បន្ថែមទៀតផងដែរ។​

គិតត្រឹមព្រឹក ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ២១០ ៧៨២នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជាសះស្បើយ ដោយមិនបង់ប្រាក់ ចំនួន ១៧៦ ៤១០នាក់ និងអ្នកជំងឺចំនួន ៣២ ៧៩៥នាក់កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយអ្នកជំងឺ ចំនួន ១ ៥៧៧ផ្សេងទៀត បានស្លាប់៕​