រាជធានីបាងកក៖ ក្រោយពេលមានមនុស្សស្លាប់ចំនួនដ៦៨នាក់ បន្ទាប់ពីការ​ចាក់វ៉ាក់​សាំង​បង្ការកូវីដ-១៩នោះមក ស្ថាប័នជំនាញវេជ្ជសាស្រ្ដរបស់​ប្រទេសថៃ​ បានបើកការស៊ើបអង្កេតលើករណីនេះ ហើយរកឃើញថា  ក្នុងចំណោមអ្នក​ទាំង៦៨នោះ មាន១៣នាក់ មិនពាក់​ព័ន្ធដោយផ្ទាល់​នឹងការចាក់វ៉ាក់សាំង ខណៈ៥៥នាក់ផ្សេងទៀតកំពុងតែស៊ើបអង្កេត។

សារព័ត៌មាន The Nation បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ថា នាយកដ្ឋានគ្រប់គ្រង​ជំងឺឆ្លង (DDC)​ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែមិថុនា) ថា  មានមនុស្សចំនួន៦៨នាក់ បានបាត់បង់ជីវិត ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ​Chawetsan Namwat ប្រធានផ្នែកគ្រប់គ្រងជំងឺ​​ និង​ហានិភ័យដល់សុខភាព​របស់ DDC បានឲ្យដឹងថា «ក្នុងចំណោមអ្នកស្លាប់ចំនួន៦៨នាក់នោះ រួមមាន ១៣នាក់​រកឃើញថា មិនទាក់ទងដោយផ្ទាល់​នឹងការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នោះទេ ខណៈ៥៥នាក់ផ្សេងទៀត កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ រីឯលទ្ធផល នៃការស៊ើបអង្កេតនេះ នឹងចេញនៅសប្ដាហ៍ក្រោយ»។​

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «បន្ទាប់ពីមន្រ្ដីជំនាញវេជ្ជសាស្រ្ដ បាន​ធ្វើរោគវិនិច្ឆ័យយ៉ាងហ្មត់ចត់រួចមក រកឃើញថា អ្នកស្លាប់ចំនួន១៣នាក់ បានបង្កឡើង ដោយកត្តាផ្សេង​ មិនមែនពាក់ព័ន្ធនឹងការចាក់វ៉ាក់​សាំងនោះ​ទេ។  អ្នកស្លាប់ទាំងនោះ បានបង្កឡើងដោយជំងឺផ្សេង រួមមាន រោគសញ្ញាសរសៃឈាមស្រួចស្រាវ (Acute coronary syndrome) ចំនួន៨ករណី, ភាពស៊ាំ នៃប្រព័ន្ធភាពស៊ាំ (Immune Thrombotic Thrombocytopenic Purpura) ១ករណី, ជំងឺស្ទះសរសៃឈាមក្នុងសួត (Pulmonary embolism) ១ករណី, ជំងឺរលាកស្រោមខួរ (Purulent Meningitis) ១ករណី, ជំងឺប៉ោងសរសៃឈាមក្នុងពោះ (Intra-abdominal Aneurysm) ១ករណី និងជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល (Brain Aneurysm ) ១ករណី។​ ដោយឡែកអ្នកស្លាប់ចំនួន៥៥នាក់ផ្សេងទៀត កំពុងស្ថិតក្នុងស៊ើបអង្កេត ហើយនឹងរាយការណ៍ នៅសប្ដាហ៍ក្រោយ»។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ចំនួន ៧ ០០៣ ៧៨៣ដូស ហើយក្នុងនោះមាន ៣ ២១៤ ៣៨៥ដូស ជាវ៉ាក់សាំង Sinovac របស់ចិន»។​

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ផលប៉ះពាល់ធ្ងន់ធ្ងរ ពីវ៉ាក់សាំង Sinovac  បានជះឥទ្ធិពលដល់មនុស្ស៩៩៣នាក់ ដែលត្រូវសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយធ្ងន់ធ្ងរ ឬស្មើនឹង២០ នាក់ ក្នុងការចាក់វ៉ាក់សាំង ចំនួន១០០ ០០០ដូស​។ ចំណែកផលប៉ះពាល់ធម្មតា ពីវ៉ាក់សាំង Sinovac រួមមាន គ្រាន់តែវិលមុខ ចំនួន២០ភាគរយ, ​ក្អួតចង្អោរ ចំនួន១៥ភាគរយ, ឈឺក្បាល ចំនួន១២ភាគរយ, ហើមពោះ ៨ភាគរយ, អាការកន្ទួលលើស្បែក ៧ភាគរយ, ឈឺសាច់ដុំ ៦ភាគរយ, រាករុស ចំនួន៥ភាគរយ និងមានអាការរមាស់ ចំនួន៤ភាគរយ។​

លោកវេជ្ជបណ្ឌិត​ បានបន្ថែមថា សម្រាប់​ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ១ ៩៤៣ ៦៩៣ដូស មានមនុស្សចំនួន៤៧២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយចាក់រួច ឬស្មើនឹងមនុស្ស២៤នាក់ ក្នុងចំណោមការចាក់វ៉ាក់សាំង ១០០ ០០០ដូស។ រីឯផលប៉ះពាល់ជាធម្មតា ពីការចាក់វ៉ាក់សាំង AstraZeneca  រួមមាន គ្រុន ចំនួន៣១ភាគរយ, ឈឺក្បាល ២៧ភាគរយ, វិលមុខ ២១ភាគរយ,​ ចង្អោរ ២១ភាគរយ, ក្អូត​ ២០ភាគរយ, ឈឺសាច់ដុំ ១៥ភាគរយ, អស់កម្លាំង ១៣ភាគរយ និងរាករុស ៧ភាគរយ។​

លោក Jadej Thammatacharee អគ្គលេខាធិការ នៃការិយាល័យសន្ដិសុខសុខាភិបាលជាតិ (NHSO)  បានបញ្ជាក់ថា ​​បើតាមច្បាប់កំណត់ គឺអ្នកដែលរងផលប៉ះពាល់ក្រោយការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ​អ្នកដែលទទួលបានសំណង ចំពោះផលប៉ះពាល់ នៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ​ពី NHSO រួមមាន៖

១-​ករណីស្លាប់ ឬពិការអចិន្រ្ដៃយ៍ ត្រូវទទួលសំណង ចំនួន ៤០០ ០០០បាត (ប្រាក់ថៃ) ឬស្មើនឹង ១២ ៧៨៧ដុល្លារអាមេរិក។

២-បាត់បង់សរីរាង្គ ឬពិការ ត្រូវទទួលបានសំណងជាអតិបរមា ២៤០ ០០០បាត ឬស្មើនឹង៧ ៦៧២ដុល្លារអាមេរិក។

៣-​ប៉ះពាល់ដល់សុខភាព ដែលត្រូវការការព្យាបាលតាមវេជ្ជសាស្រ្ត អ្នកទទួលវ៉ាក់សាំងនឹងមានសិទ្ធិទទួលបានសំណង រហូតដល់១សែនបាត ឬស្មើនឹង ៣ ១៩៦ដុល្លារអាមេរិក។​

លោកអគ្គលេខាធិការ បានបន្ថែមថា ជំនួយហិរញ្ញវត្ថុពិតប្រាកដ អាស្រ័យទៅលើវិសាលភាព នៃផលប៉ះពាល់ពីវ៉ាក់សាំងបង្ការកូវីដ-១៩នេះ។ អ្នកដែលសង័្សយលើវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបង្កឲ្យកើតជាជំងឺ ឬស្លាប់ អាចដាក់ពាក្យ​ស្នើសុំភ្លាមៗ ដោយមិនចាំបាច់រង់ចាំការផ្ទៀងផ្ទាត់ ព្រោះវាជាជំនួយដំបូង ដែលមិនត្រូវការភស្តុតាង»។​

លោកអគ្គលេខាធិការ NHSO  បានបន្ដថា «ទោះបីជាការស៊ើបអង្កេតតាមផ្នែកវេជ្ជសាស្រ្តសន្និដ្ឋាន នាពេលក្រោយ រកឃើញថា ករណីនេះមិនបានបង្កឡើង ដោយសារ​វ៉ាក់សាំងបង្ការកូវីដ​-១៩ ក៏ដោយ ក៏យើង​នឹងមិនទាមទារសំណងពីអ្នកទាំងនោះវិញដែរ»៕