រាជធានីបាងកក៖ ​ប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងតែបង្កើនល្បឿន សម្រាប់​​ការបើកទ្វារប្រទេស​ និង​ស្ដារសេដ្ឋកិច្ចឡើងវិញ នៅឆ្នាំ២០២២ខាងមុន ស្របគ្នានេះដែរប្រទេស​ថៃ បច្ចុប្បន្ន​កំពុងតែដើរយឺតជាង​បណ្ដាប្រទេសទាំងនោះ នៅក្នុងការធ្វើលទ្ធកម្មវ៉ាក់សាំង ហើយយុទ្ធនាការចាក់វ៉ាក់សាំង ក៏មានការយឺតយ៉ាវ ដែលនាំឲ្យប៉ះពាល់ដល់ការស្តារសេដ្ឋកិច្ចរបស់​ប្រទេស​ឡើងវិញ។​

រហូតមកដល់ពេលនេះ ​​ថៃបានឈានចូលដល់សប្តាហ៍ទី២ នៃការចាក់វ៉ាក់សាំង AstraZeneca ដែលផលិតក្នុងប្រទេសរបស់ខ្លួន ហើយវាហាក់បីដូចជា ការផ្គត់ផ្គង់កំពុងធ្លាក់ចុះមិនអាចបំពេញតាមតម្រូវការរបស់ប្រទេសបាន​។

ដោយឡែករដ្ឋាភិបាលថៃ បានបញ្ជាក់ថា រដ្ឋាភិបាល នឹងផលិតវ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន៦លានដូស នៅក្នុងមិថុនា និង១០លានដូស ក្នុងមួយខែ ចាប់ពីខែកក្កដា​ ដល់ខែវិច្ឆិកា ហើយ៥លានដូស នៅក្នុងខែធ្នូ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាពកូវីដ-១៩ (CCSA) បានទទួលស្គាល់ថា មានការខ្វះខាតវ៉ាក់សាំង ដោយមិនអាចផ្គត់ផ្គង់បាន នៅក្នុងសប្ដាហ៍នេះ។​

លោកឧត្ដមសេនីយ៍ Nattapon Nakpanich ដែលរៀបចំប្រតិបត្ដិការប្រចាំថ្ងៃរបស់ CCSA បានថ្លែង កាលពីថ្ងៃទី១៤ ខែមិថុនា ថា​ នៅក្នុងសប្ដាហ៍នេះថ មិនមានវ៉ាក់សាំង សម្រាប់ផ្គត់ផ្គង់នោះទេ។ ទោះជាយ៉ាងណា​ លោកនៅតែមានទំនុកចិត្តទៅលើគោលដៅកំណត់ថា នៅខែនេះនឹងមានវ៉ាក់សាំង ចំនួន៦លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ​។​

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីចុងសប្ដាហ៍មុន បណ្ដាញវេជ្ជបណ្ឌិត ដែលកំពុងធ្វើការ នៅក្នុងមន្ទីរពេទ្យតាមជនបទរបស់ប្រទេសថៃ ព្យាករពីភាពវឹកវរ នៅសប្តាហ៍នេះ នៅពេល​ការកំណត់ នៃការចាក់វ៉ាក់សាំងបន្ថែម ​នឹងត្រូវ​ពន្យារពេល ហើយមនុស្សជាច្រើន នឹងខកបំណង ក្នុងការទទួលបានការចាក់វ៉ាក់សាំង​។

ធនាគារថៃ កាលពីមុន បានប៉ាន់ប្រមាណ អំពីកំណើនផលិតផលក្នុងស្រុកសរុប ( GDP) កើនឡើងដល់៣ភាគរយ មុនពេលរលកទី៣ នៃជំងឺកូវីដ-១៩ ចាប់ផ្ដើមផ្ទុះឡើង នៅក្នុងប្រទេសថៃ នាអំឡុងខែមេសា។ ប៉ុន្ដែ​នៅពេលនេះ ធនាគារថៃ ​នឹងបញ្ចូលសេណារីយ៉ូ ចំនួន៣ផ្សេងគ្នា ដែលកំណត់គោលដៅកំណើន GDP ចន្លោះពី ១-២ភាគរយ ដោយពឹងផ្អែកទៅលើយន្ដការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។​

សម្រាប់សេណារីយ៉ូជាមូលដ្ឋាន ធនាគារថៃព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) នឹងកើន២ភាគរយ ដោយសារ​សន្មតថា លទ្ធកម្ម និងការចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩ នឹងកើនដល់​១០០លានដូស នៅក្នុងឆ្នាំនេះ។​​​​​​​

បើតាមក្រសួងទេសចរណ៍ និងកីឡា ថា នៅក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរបានមកលេងប្រទេសថៃ មានចំនួន ៣៩,៩លាននាក់ ដោយរកចំណូលបាន ចំនួន២លានលានបាត (លុយថៃ) ឬស្មើនឹង៦៣៨ ២២៤ ៣៣៨ ៨៧២ ដុល្លារសហរដ្ឋអាមេរិក។​ ប៉ុន្ដែកាលពីឆ្នាំ២០២០កន្លងទៅ ចំនួនភ្ញៀវទេសចរបានមកដល់ប្រទេសថៃ បានធ្លាក់ចុះមកនៅត្រឹម ៦,៧លាននាក់ ហើយថៃបានប៉ាន់ប្រមាណថា នឹងមានភ្ញៀវទេសចរបរទេស ​ចន្លោះពី២០០ ០០០ទៅ៣០០ ០០០នាក់ នៅក្នុងឆ្នាំនេះ។

ទោះជាយ៉ាងណារដ្ឋាភិបាលថៃ បានបញ្ជាក់ពីគម្រោងបើកទ្វារប្រទេស សម្រាប់ភ្ញៀវបរទេស ដោយចាប់ផ្ដើមពីខេត្តភូកេត នៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះ។​ ដើម្បីសម្រេចបានតាមគោលដៅបើកទ្វារប្រទេសឲ្យមានសុវត្ថិភាពនោះ រដ្ឋាភិបាលថៃបានបង្កើនការចាក់វ៉ាក់សាំង និងបញ្ជាទិញវ៉ាក់សាំងបង្ការកូវីដ-១៩របស់អាមេរិក Pfizer ចំនួន២០លានដូសបន្ថែមទៀត៕​​