ហុងកុង៖ អាជ្ញាធរហុងកុង កាលពីព្រឹក ថ្ងៃទី១៧ ខែមិថុនា បានបញ្ជូន​ប៉ូលិស ប្រហែល៥០០នាក់ ឆ្មក់ចូលបង្រ្កាបការិយាល័យ​កាសែតគាំទ្រ​លទ្ធិ​ប្រជា​​ធិបតេយ្យ (App Daily) ក្រោមការចោទប្រកាន់ អំពីសេចក្ដី​រាយ​ការណ៍របស់កាសែតនេះ បានរំលោភលើច្បាប់សន្ដិសុខជាតិ ដែលតាក់តែង​ឡើង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់បង្ក្រាប​ទៅលើចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ នៅលើដែនកោះរបស់អតីតអាណានិគម​របស់ចក្រភព​អង់គ្លេសមួយនេះ។

សារព័ត៌មាន BBC បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា ថា ប៉ូលិសប្រហែល៥០០នាក់ កាលពីព្រឹកមិញ (ថ្ងៃព្រហស្បតិ៍ ទី១៧ ) បានឆ្មក់ចូលការិយាល័យកាសែត​ Apple Daily  ដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងហុងកុង។ អាជ្ញាធរបានចោទប្រកាន់កាសែត Apple Daily ពី​សេចក្ដីរាយការណ៍របស់កាសែតនេះ បានរំលោភទៅលើច្បាប់សន្ដិសុខជាតិ។​

សារព័ត៌មាន BBC បានរាយការណ៍បន្ដថា ក្រៅពីសកម្មភាព​ឆ្មក់ចូលការិយាល័យសារព័ត៌មាន Apple Daily នោះ ប៉ូលិសបានបំបែកគ្នាជាច្រើនក្រុម ចូលចាប់ខ្លួននាយកនិយពន្ធ និងថ្នាក់ដឹកនាំ៤នាក់ផ្សេងទៀត នៅតាមផ្ទះរបស់ពួកគេ។ ជាមួយគ្នានេះ អាជ្ញាធរហុងកុង ក៏បានបង្កលុយ ចំនួន១៨លានដុល្លារហុងកុង ឬស្មើនឹង២,៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុនចំនួន៣ ​​ពាក់ព័ន្ធនឹងសារព័ត៌មាន Apple Daily នេះ។​

មន្រ្ដីសន្តិសុខជាតិរបស់កោះហុងកុង បានប្រកាសថា ថ្នាក់ដឹកនាំទាំង៥រូប នៃសារព័ត៌មាន Apple Daily ត្រូវបានចាប់ខ្លួន ដោយសារពួកគេបានធ្វើ​សកម្មភាព ​ពាក់ព័ន្ធនឹង​គំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងចំណោមថ្នាក់ដឹកនាំ៥នាក់ នៃសារព័ត៌មាន Apple Daily នោះ រួមមាន បុរស៤នាក់ និងស្ត្រីម្នាក់ ដោយមានអាយុ ចន្លោះ​ពី៤៧-៦៣ឆ្នាំ។

សារព័ត៌មាន Apple Daily បានផ្សាយថា ថ្នាក់ដឹកនាំ នៃសារព័ត៌មាន ដែលត្រូវ​ចាប់ខ្លួននោះ រួមមាន ​និពន្ធនាយកម្នាក់ និងលេខា៤នាក់។ ថ្នាក់ដឹកនាំទាំងនោះ មានការងារទទួលបន្ទុកផ្នែកព័ត៌មានផ្សេងៗគ្នា។ ​កម្លាំងប៉ូលិសបានយកដីកា ចូលមក​ឆែកឆេរការិយាល័យនិពន្ធរបស់សារព័ត៌មាន Apple Daily ។ សកម្មភាពខាងលើនេះ គឺ​ជាការវាយប្រហារមកលើស្ថាប័នសារព័ត៌មាន Apple Daily ក្រោយពេលរដ្ឋាភិបាលហុងកុង បានបង្កកទ្រព្យសម្បត្តិរបស់អគ្គនាយក Jimmy Lai ដែល​កំពុងតែជាប់ឃុំ។

លោក Jimmy Lai ជាសេដ្ឋី និងជាម្ចាស់កាសែត Apple Daily នៅហុងកុង ត្រូវបានចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ២០២០ ហើយ​កាត់ទោស ក្រោមច្បាប់សន្តិសុខជាតិ ដែលតាក់តែងឡើង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង សម្រាប់ជាឧបករណ៍បង្រ្កាបទៅលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅលើ​កោះហុងកុង។ ក្រៅពីនេះ អាជ្ញាធរក៏បានបង្កកទ្រព្យសម្បត្តិទាំងអស់របស់អ្នកតស៊ូ ដើម្បីប្រជាធិបតេយ្យ​ នៅហុងកុង ផងដែរ។

ដោយឡែកប៉ូលិស បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ថា ចាប់តាំងពីឆ្នាំ២០១៩មក សារព័ត៌មាន Apple Daily បានបោះពុម្ពផ្សាយជាង៣០អត្ថបទ ដោយអំពាវនាវដល់ប្រទេសនានា ឲ្យដាក់ទណ្ឌកម្មដល់ទីក្រុងហុងកុង និងប្រទេសចិន។​ បន្ថែមពីលើនេះ ទ្រព្យសម្បត្ដិរបស់ក្រុមហ៊ុន​ Apple Daily Limited, Apple Daily Printing Limited និងក្រុមហ៊ុន AD internet Limited ត្រូវបានបង្កកផងដែរ។​

ប៉ូលិសហុងកុង បានបញ្ជាក់ថា ​ប៉ូលិសជាច្រើនក្រុមបានសំដៅទៅផ្ទះរបស់លោកនាយកនិពន្ធ​កាសែត Apple Daily គឺលោក Ryan Law, ផ្ទះលោក Cheung Kim-hung ប្រធានក្រុមហ៊ុន​ Next Digital​,ផ្ទះរបស់ COO Chow Tat-kuen, ផ្ទះរបស់ចាងហ្វាង Apple Daily  គឺលោក Chan Pui-man និងលោកនាយក Cheung Chi-wai ហើយប៉ូលិស​បានចាប់​ខ្លួនពួកគេទាំងអស់គ្នា៕​