បរទេស៖ រដ្ឋមន្រ្ដីក្រសួងការពារជាតិចិន​ បានថ្លែង កាលពីថ្ងៃពុធ (ទី១៦ ខែមិថុនា ឆ្នាំ២០២១) ថា យោធាចិននឹងការពារផលប្រយោជន៍របស់ប្រជាជាតិនានា រួមទាំង បញ្ហាទាក់ទងនឹងកោះតៃវ៉ាន់, ហុងកុង តំបន់ស្វយ័តស៊ីនជាំង, អ៊ុយហ្គ័រ និងសមុទ្រចិនខាងត្បូង គឺមិនអាចដោះស្រាយបានឡើយ។

បើតាម​ក្រសួងការពារជាតិចិន បានឲ្យដឹងថា លោកឧត្ដមសេនីយ៍  Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ បានថ្លែង តាមវីដេអូខន់ហ្វែរ៉ែនស៍ នៅក្នុងអំឡុង​កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីក្រសួងការពារជាតិអាស៊ានបូក លើកទី៨ កាលពីថ្ងៃពុធ ថា ពិភពលោក​កំពុងតែជួបនឹងវិបត្តិជាច្រើន ដែលមានកត្តាអស្ថិរភាព និងភាពមិនប្រាកដប្រជា ចេះតែកើនឡើង។​

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានបញ្ជាក់ថា «ដូច្នេះប្រទេស​ជាច្រើន​ ​គួរតែ​បង្កើនសាមគ្គីភាព និង​សហការគ្នា ការពារភាពត្រឹមត្រូវ និងយុត្តិធម៌​ ការពារសណ្តាប់ធ្នាប់អន្តរជាតិ និងរក្សាឥរិយាបថបើកចំហ ហើយរាប់បញ្ចូល ក្នុងគោលបំណងសម្រួលដល់ការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក ខណៈ​រួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងក្លាយជាអ្នករួមចំណែកដ៏រឹងមាំ ដល់សន្តិភាពរបស់ពិភពលោក ការអភិវឌ្ឍ​ និងសណ្តាប់ធ្នាប់អន្តរជាតិ។ ​ការអភិវឌ្ឍន៍យោធារបស់ប្រទេសចិន អាចពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។​​ ​ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខជាមួយបណ្តាប្រទេសដទៃទៀត ក៏ដូចជា ការឈ្វេងយល់ និងគោរពចំពោះបញ្ហា​ពាក់ព័ន្ធជាមួយនឹងប្រទេសដទៃទៀត។ ជាមួយគ្នានេះ ផលប្រយោជន៍របស់ប្រទេសចិ នក៏ត្រូវតែគោរព និងការពារឲ្យបានម៉ឺងម៉ាត់ផងដែរ។​

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចិន បានបន្ថែមធា ដំណោះស្រាយ និងការប្ដេជ្ញាចិត្តរបស់កងទ័ពចិន ត្រូវតែការពារ​​ផលប្រយោជន៍ស្នូលរបស់ប្រទេសនេះឲ្យស្ថិតស្ថេរ។​ តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ នឹងត្រូវមើលឃើញទាំងឱកាសនានា និងការប្រឈម​ នៅក្នុងពេលអនាគត។ ដូច្នេះភាគីផ្សេងៗគួរតែប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខជាសកលមួយ ដែលមានលក្ខណៈទូលំទូលាយ សហការ និងនិរន្តរភាព នៅក្នុងធម្មជាតិ។​​

ទោះជាយ៉ាងណា ប្រទេសចិនកំពុងតែបង្កើនសកម្មភាពយោធា នៅក្នុងសមុទ្រចិនខាងត្បូង ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែអះអាងថា ដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ ៣,៥លានគីឡូម៉ែត្រការ៉េនេះ គឺ៨០ភាគរយជាកម្មសិទ្ធិរបស់ខ្លួន។ ការអះអាងរបស់ចិនបែបនេះ ​បង្កឲ្យជម្លោះជាមួយនឹងបណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ាន រួមមាន វៀតណាម ហ្វីលីពីន ប៊្រុយណេ ម៉ាឡេស៊ី ហើយដែនកោះតៃវ៉ាន់ផងដែរ។

សមុទ្រចិនខាងត្បូង ជាទីសម្បូរទៅដោយជីវចម្រុះ រ៉ែ និងឧស្ម័ន…ជាដើម។ ដោយឡែក​ពាណិជ្ជកម្ម​​ឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ទៅកាន់ពីផ្សាររបស់ពិភពលោក ក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់ រហូតដល់៣លានលានដុល្លារសហរដ្ឋអាមេរិក ($ 3 Trillion = $ 3 000 000 000 000)។ ដោយមើលឃើញពីទ្រព្យសម្បត្ដិដ៏មហាសាលបែបនេះ ទើបចិនចង់ច្បាមយកសមុទ្រចិន​ខាងត្បូងផ្ដាច់មុខ រហូតបង្កឲ្យមានភាពតានតឹងជាមួយ​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមមាន ជប៉ុន អូស្រ្ដាលី អង់គ្លេស បារាំង… ជាដើម៕​