រាជធានីភ្នំពេញ៖ មនុស្ស១គ្រួសារ មានចំនួន៥នាក់ ខណៈកំពុងបើកបររថយន្តដឹកគ្នាធ្វើដំណើរ ស្រាប់តែត្រូវរថយន្តប្រភេទដឹកទំនិញ១គ្រឿង មកបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបប្រីត តាមដោយផ្លូវ២០០៤ កែងនឹងផ្លូវណតប្រីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់ម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់។

សាក្សី បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែន ពណ៌ស្ករ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA -8975បើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់ ក្នុងនោះក្មេងប្រុសស្រីចំនួន២នាក់ ស្ត្រីវ័យចំណាស់ចំនួន២ នាក់និងបុរសវ័យចំណាស់១នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចស្តុបបែកជាបួន ស្រាប់តែមានរថយន្តប្រភេទដឹកទំនិញធុនធំ១គ្រឿង ម៉ាកFUSO ក្បាលពណ៌ក្រហមពាក់ស្លាកលេខ ព្រះសីហនុ 3A -2426 បើកបរដោយបុរសម្នាក់រួមដំណើរនឹងពូពីរនាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវណតប្រីតទិសដៅពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ បុកពីចំហៀងរថយន្តខាងស្តាំពេញទំហឹង បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ដែលអង្គុយនៅខាងមុខអែបនឹងតាកុងកៀបជាប់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមយ៉ាងអាណោចអាធ័មៗ ចំណែកក្មេងចាស់ប្រុសស្រី៤នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងនោះ មានក្មេងប្រុសម្នាក់សំណាងជាងគេរបស់ស្រាល។

ប្រភពបន្តថា ភ្លាមៗនោះ អ្នករងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែកស្ត្រីដែលស្លាប់ជាប់នៅក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាជួយគាស់ចេញយកសាកសពមកតម្កល់ទុកក្នុងរថយន្តសាមុយ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ព្រូពីរនាក់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕