រដ្ឋធានីហាណូយ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងល្បីល្បាញ​នៅលើពិភពលោក​របស់លោកខាងលិច នឹងបន្ដបញ្ជូនវ៉ាក់សាំងបង្ការកូវីដ-១៩ ទៅកាន់​ប្រទេស​វៀតណាម ជាបន្ដបន្ទាប់ ចំនួន៦លានដូស គិតចាប់ពីពេលនេះ រហូតដល់ខែកញ្ញាខាងមុខ។

សារព័ត៌មានវៀតណាម (Vietnamnet) បានផ្សាយ កាលពីថ្ងៃទី១៦​ ខែមិថុនា ថា វៀតណាមរំពឹងថា ចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ខាងមុខ វៀតណាមនឹងត្រូវទទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca  ចំនួន៣លានដូស និងវ៉ាក់សាំង​ Pfizer ចំនួន៣លានដូសបន្ថែមទៀត។​

លោកសាស្រ្តាចារ្យ ដាង ឌុកអាញ (Dang Duc Anh) នាយកវិទ្យាស្ថាន​អនាម័យ និងរោគរាតត្បាតមជ្ឈិម បានថ្លែង កាលពីថ្ងៃទី១៥ ខែមិថុនា ថា COVAX​ បានប្រកាសថា ខ្លួននឹងផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន១លានដូសបន្ថែមទៀតដល់ប្រទេសវៀតណាម នៅចុងខែមិថុនា និងដើមខែកក្កដា ខាងមុខនេះ។​ វៀតណាម បានកំណត់គោលដៅអាទិភាព សម្រាប់ចាក់វ៉ាក់សាំង និងតំបន់ឧស្សាហកម្ម។​

លោកសាស្រ្ដាចារ្យ បានបញ្ជាក់ថា ចាប់ពីពេលនេះ រហូតដល់​ចុង​ឆមាស​ទី៣ វៀតណាមនឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន២លានដូសបន្ថែមទៀត។ រីឯវ៉ាក់សាំងទាំងនេះ ត្រូវបានក្រសួង​សុខាភិបាលវៀតណាម បញ្ជាទិញតាមរយៈក្រុមហ៊ុនចែកចាយ​វ៉ាក់សាំងក្នុងស្រុក VNVC ។

បន្ថែមពីលើនេះ បើតាមក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer  បានឲ្យដឹងថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ ចំនួន៣លានដូស ទៅកាន់ប្រទេសវៀតណាម នៅក្នុងត្រីមាសទី៣ ហើយវ៉ាក់សាំងដែលនៅសល់ នឹងត្រូវបញ្ជូន នៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ។ ទោះជាយ៉ាងណា ពេលវេលា នៃការដឹកជញ្ជូន និងបរិមាណវ៉ាក់សាំងដ៏ច្រើននេះ អាចនឹងមានការប្រែប្រួល ដោយផ្អែកទៅលើស្ថានភាពរបស់ពិភពលោក។​

លោកសាស្រ្តាចារ្យ ដាង ឌុកអាញ បានបន្ថែមថា នៅឆ្នាំនេះ វៀតណាម មានគោលបំណងចង់បានវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ១៥០លានដូស សម្រាប់ចាក់ជូនដល់ប្រជាជនយ៉ាងតិច ចន្លោះពី៧០ទៅ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ជាង៩០លាននាក់ ដើម្បីបង្កើនភាពស៊ាំឲ្យបានរឹងមាំ។​

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca បានមកដល់ប្រទេសវៀតណាម ចំនួន៤លើក (Batches) សរុប ជិត២,៩លានដូស។ លើកទី១ មានចំនួន ១១៧ ៦០០ដូស បានមកដល់ប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នាំចូលដោយក្រុមហ៊ុន​ VNVC ។ លើកទី២ និងទី៣ បញ្ជូនមកដោយ ​COVAX ​(នៅថ្ងទី១ ខែមេសា ឆ្នាំ២០២១ ចំនួន ៨១១ ២០០ដូស និង ថ្ងៃទី១៦ ខែឧសភា ចំនួន១,៦៨២លានដូស)។ លើកទី៤ ចំនួន ២៨៨ ០០០ដូស នាំចូលដោយក្រុហ៊ុន VNVC  កាលពីថ្ងៃទី២៥ ខែឧសភា។​

គិតត្រឹមវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វៀតណាម មានអ្នកឆ្លងកូវីដ-១៩សរុប ១១ ៦៣៥នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ៤ ៥៩០នាក់ និងអ្នកស្លាប់ ៦១នាក់។​ វៀតណាម បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់គោលដៅអាទិភាព ​ចំនួន១,៥៥លានដូស ហើយនៅក្នុងខែមិថុនានេះ វ៉ាក់សាំងនៅតែមានចាក់ជូនដល់ប្រជាជនរបស់ខ្លួនបន្ដទៀត។​​​

វៀតណាម បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ​កូវីដ-១៩​ជាច្រើន​ប្រភេទ រួមមាន វ៉ាក់សាំង​AstraZeneca របស់ចក្រភពអង់គ្លេស, វ៉ាក់សាំង​ Sputnik V របស់រុស្ស៊ី​, វ៉ាក់សាំង Sinopharm របស់ចិន និងវ៉ាក់សាំង Pfizer របស់អាមេរិក៕​