រាជធានីភ្នំពេញ៖ នៅក្នុងបរិទនៃការរាតត្បាតជាសកលជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុង​សាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំង​មូល​ ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

យ៉ាងណាមិញ ការបិទទ្វារសាលារៀនអូសបន្លាយរយៈពេលយូរ បង្កផលប៉ះពាល់យ៉ាងច្រើន មិនត្រឹមតែមកលើការទទួលបានជំនាញរបស់កុមារ និងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងលើសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ខណៈពេលដែលការបង្រៀនតាមប្រព័ន្ធអនឡាញអាចជួយឲ្យកុមារមួយចំនួននៅតែបន្តការរៀនសូត្របាន សេវាទាំងនេះមិនអាចជំនួសឲ្យការរៀនផ្ទាល់បានឡើយ។

លើសពីនេះ លទ្ធភាពរៀនតាមប្រព័ន្ធអនឡាញនៅពុំទាន់មានសម្រាប់គ្រប់គ្នា ដោយកុមារជួបការលំបាក រួមទាំងកុមារមានពិការភាព​ កុមាររងផលប៉ះពាល់ពីការធ្វើចំណាកស្រុក និងក្រុមកុមារភាគតិចដែលពុំសូវទទួលបានការគាំទ្រ ត្រូវទទួលរងការខាតបង់ការសិក្សា ព្រោះពួកគេពុំមានលទ្ធភាពទទួលបានការអប់រំតាមប្រព័ន្ធឌីជីថល។

មួយទៀតសោត ការបិទទ្វារសាលារៀនក៏នាំឲ្យមានការថយចុះនូវសកម្មភាពការសិក្សា បង្កើតទម្លាប់ញ៉ាំអាហារមិនល្អ និងបង្កការរំខានដល់ដំណេក។ សម្រាប់កុមារមួយចំនួន ការចំណាយពេលនៅផ្ទះនាំឲ្យហានិភ័យប្រឈមនឹងអំពើហិង្សាមានការកើនឡើង ហើយការចំណាយពេលកាន់តែយូរជាមួយនឹងអេក្រង់នាំឲ្យហានិភ័យទទួលរងការរំលោភបំពានតាមប្រព័ន្ធអនឡាញកាន់តែកើនឡើង។ ជាមួយនឹងការបិទទ្វារសាលារៀន ច្រកផ្លូវសំខាន់ៗដើម្បីកំណត់ និងរាយការណ៍ពីករណីរំលោភបំពាន និងបញ្ហាសុខភាពផ្លូវចិត្ត ក៏ត្រូវបិទជិតផងដែរ។ ដោយឡែក ក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីជិតពាក់កណ្តាល សាលារៀនបានបិទទ្វារជាង ២០០ ថ្ងៃហើយ ក្នុងអំឡុងពេលនៃការរាតត្បាតជាសកលនៃជំងឺនេះ។ តំបន់នេះគួរត្រៀមខ្លួនទប់ទល់នឹងការថយចុះនូវជំនាញអំណាន និងគណិតវិទ្យារបស់កុមារ ទាំងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា ក៏ដូចជាគម្លាតលទ្ធផលសិក្សាកាន់តែធំរវាងកុមារជួបការលំបាក និងកុមារមានលទ្ធភាព។

នៅទូទាំងសកលលោក ករណីឆ្លងលើកុមារមាននៃជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់ថា មានចំនួន ភាគរយតិចតួចបំផុត។ កុមារដែលស្ថិតនៅក្នុងវ័យរៀននៅបឋមសិក្សា និងកុមារតូចៗជាងនេះស្ថិតនៅក្នុងចំណោមក្រុមកុមារ ដែលទំនងជាអាចឆ្លងជំងឺនេះក្នុងកម្រិតតិចតួចបំផុត។ ហើយសូម្បីតែនៅពេលដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សពេញវ័យ(ដូច្នេះហើយទើបកុមារទាំងនេះពុំបានរួមចំណែកធំដុំដល់ភាគរយនៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬករណីបាត់បង់ជីវិតដែលត្រូវបានរាយការណ៍)។ ការសិក្សាលើកុមារមកពីសាធារណៈរដ្ឋកូរ៉េ បានបង្ហាញថាកុមារដែលឆ្លងជំងឺនេះ មានលទ្ធភាពតិចតួចក្នុងការចម្លងមេរោគនេះទៅកាន់មនុស្សដទៃ។

អ្នកតាក់តែងគោលនយោបាយត្រូវពិចារណាពីបរិបទនៅតាមមូលដ្ឋាននីមួយៗនៅពេលបើកដំណើរការការរៀនសូត្រនៅក្នុងសាលាឡើងវិញ ដូចជាកត្តានៃកម្រិតការឆ្លងក្នុងសហគមន៍ និងសមត្ថភាពឆ្លើយតបចំពោះការកើនឡើងនៅករណីឆ្លងជាដើម។ នៅតាមទីកន្លែងមួយចំនួន សេវាសុខភាព និងសេវាអប់រំ ត្រូវការធនធានបន្ថែម ដើម្បីអនុវត្តវិធានការសុវត្ថិភាពដែលចំាបាច់ទាំងនេះ។ ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ រួមទាំងបង្ការការកកើត និងឆ្លងសាយភាយនៃពពួកមេរោគបំប្លែងខ្លួនថ្មីផងដែរ។

ដើម្បីជាដំណឹងល្អនោះ ការបើកសាលារៀនឡើងវិញ មិនអាស្រ័យលើការមានវ៉ាក់សាំងនោះឡើយ។ ពេលនេះ យើងចាំបាច់ត្រូវធ្វើការងារ ដើម្បីឈានទៅចាប់យក “គន្លងថ្មី” ប្រកបដោយចីរភាព ។ ខណៈពេលដែល ហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ៕

ប្រភព៖ http://អង្គការយូនីសេហ្វ អង្គការយូនីសេហ្វ (unicef.org)