រាជធានីភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកនៅច្រាំងទន្លេ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើល កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ ។

សពជនរងគ្រោះមានឈ្មោះ នៅ វណ្ណធឹន ហៅអាពៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាអ្នករត់កង់បីឥណ្ឌា ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានបើកកង់បីឥណ្ឌារបស់ខ្លួន ពណ៌សមួយគ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ1TH- 3635 ជូនម៉ូយមកជួបមិត្តភ័ក្តិនៅម្ដុំអូតែលសុខា ទើបរូបគេឡើងបើកកង់បីឥណ្ឌារបស់ជនជិះធ្វើដំណើរឡើងមកស្ពានជ្រោយចង្វា បានតែត្រឹមពាក់កណ្ដាលស្ពានតែប៉ុណ្ណោះ ជនរងគ្រោះបានឈប់ ហើយឡើងលើបង្កាន់ដៃស្ពាន រួចលោតចូលទៅក្នុងទឹកទន្លេបាត់ស្រមោលតែម្ដង ទើបការភ្ញាក់ផ្អើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

សមត្ថកិច្ច បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ទើបមានប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាសេកសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានប្រទះឃើញសពជនរងគ្រោះ ហើយរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យមើល ដើម្បីឲ្យសមត្ថកិច្ចជំនាញកោសល្យវិច័យ និងលោកគ្រូពេទ្យឲ្យមកយកសំណាកទៅពិនិត្យ ទើបដឹងថា ជនរងគ្រោះមានផ្ទុកនៅជំងឺកូវីដ១៩ ទើបសមត្ថកិច្ចនិងលោកគ្រូពេទ្យមិនអនុញ្ញាតឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនោះទេ ដោយក្រុមគ្រូពេទ្យដឹកយកទៅបូជាយ៉ាងត្រឹមត្រូវ៕