ខេត្តឧត្តរមានជ័យ ៖ លោកអនុសេនីយ៍ឯក សាន់ ស៊ុត អាយុ៥៣ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបាត់បង់ជីវិត ដោយសារកូវីដ១៩ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ។

លោកស័ក្តិ៣ សាន់ ស៊ុត បាន ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានរៀបចំសពទៅកន្លែងបូជា។

សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៩៣នាក់ ខណៈអ្នកជំងឺ៧៥៤នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០ ១៥៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៤ ៣២៥នាក់ និងស្លាប់សរុបចំនួន ៣៦៨នាក់៕