ខេត្តកណ្តាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ ឈ្មោះបូ សូឌី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលេខ០៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានក្រុងតាខ្មៅ ធ្វើការចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ធំ , ម៉ូតូ១គ្រឿង ម៉ាកMSX ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ ១CQ-៤៧៥៣ និងទូរស័ព្ទ១គ្រឿងម៉ាកOPPO ពណ៌ក្រហម។

ប្រភពបន្តថា មុនពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចេញល្បាតទៅដល់ចំណុចគល់ស្ពានព្រែកសំរោង ស្ថិតក្នុងដីភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម្នាក់ឯង ដោយមានការសង្ស័យ សមត្ថកិច្ចធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន០១កញ្ចប់ធំកាន់ជាប់នៅហ្នឹងដៃឆ្វេង រួចធ្វើការឃាត់ខ្លួនហើយរាយការណ៍ជូនលោកអធិការនាំខ្លួនជនសង្ស័យមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀន១កញ្ចប់ធំនេះ ពិតជារបស់ខ្លួនដែលបានទូរស័ព្ទទៅទិញពីឈ្មោះសិលា ដែលសព្វថ្ងៃកំពុងជាប់ឃុំនៅក្នុងពន្ធាគាព្រៃស ក្នុងតម្លៃ៦០០ដុល្លារ ហើយឈ្មោះសិលា បានមនុស្សប្រុសម្នាក់យកមកឲ្យរូបគេ រួចត្រឡប់ទៅវិញបាត់ទៅ។

ជនសង្ស័យត្រូវសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី៕