រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប១គ្រឿង ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតបុកបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារ បណ្ដាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខ និងបង្កាន់ដៃស្ពាន យ៉ាងដំណំ តែយ៉ាងណា មិនបង្កឲ្យមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០២និង៣០ នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅរង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកម៉ាសស្ដារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH -4287 តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងទិសដៅពីព្រែកលាប ខណ្ឌជ្រោយចង្វារ ចូលមករាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុចំណុចរង្វង់មូលព្រហ្មមុខបួន ខ្វះការប្រុងប្រយ័ត្នរេចង្កូតនឹងបង្កាន់ដៃដែកស្ពានមិត្តភាពកម្ពុជា-ចិន រងការខូចខាតរថយន្តផ្នែកខាងមុខទៅមុខលែងរួច។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់រថយន្ត រួមទាំងស្ទួចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នា ចេញប្រាក់សំណងដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋ៕