ភ្នំពេញ៖បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ និងសម្ពោធជាផ្លូវការនូវវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះឯកឧត្តម ហឿនសំនឿងត្រូវបានព្រះមហាក្សត្រតែងតំាងមុខងារជានាយកវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូន។ទន្ទឹមនិងការទទួលបានការតែងតំាងមុខងារជានាយកវិទ្យាស្ថានតេជោសែន តើឯកឧត្តមមានប្រវត្តិការងារក៏ដូចជាបានសិក្សាជំនាញអ្វីខ្លះនៅពេលកន្លងមក?

ជីវប្រវត្តិសង្ខេប ហឿន សំនៀង
ប្រវត្តិការងារ៖មុនទទួលបានការទទួលបានការតែងតែងជានាយក វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយករងខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រៅពីការងាររដ្ឋ ឯកឧត្តម ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ សមាគមជីវិតនិងក្តីសង្ឃឹម មានទីតាំងនៅវត្តដំណាក់ ខេត្តសៀមរាប (www.lifeandhopeangkor.org) ដែលបានជួយកុមារកំព្រា កុមារគ្រួសារក្រីក្រ យុវជនយុវតី ស្ត្រីរងគ្រោះនិងងាយរងគ្រោះ ឲ្យមានជំនាញ និងបានចូលរៀនសិក្សាចប់ថ្នាក់ឧត្តមសិក្សា តាមរយ:គម្រោងនានា របស់សមាគម រួមមានសាលាបណ្តុះបណ្តាលវិជ្ជាជីវ:កាត់ដេរ គម្រោងលើកកំពស់សម្រាប់សិស្សស្រីក្រីក្រកម្រិតវិទ្យាល័យ សាលាភាសារបរទេសវត្ដដំណាក់ ភូមិកុមារអភិវឌ្ឍន៍(មណ្ឌលក្មេងកំព្រា) និងគម្រោងអាហារូបករណ៍សម្រាប់ព្រះសង្ឃ។ ឯកឧត្តម ជាអតីតអ្នកបួសខ្មែរមួយរូប ដែលធ្លាប់បួសរៀនជ្រៅជ្រះ ក្នុងសំណាក់ព្រះពុទ្ធសាសនា អស់រយ:ពេល ១៩ ព្រះវស្សា នៅវត្ដដំណាក់ និងបានចូលរួមសកម្មភាពសង្គម និងព្រះពុទ្ធសាសនា ទំាងជាតិ និងអន្តជាតិ ជាច្រើនផងដែរ។
ប្រវត្តិការសិក្សា
ឯកឧត្តម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណ: ពីសកលវិទ្យាល័យហាវឺដ (Harvard University, Kennedy School of Governemnt 2013) សហរដ្ឋអាមេរិក និង បរិញ្ញាបត្រជំនាញគ្រប់គ្រងពីសាកលវិទ្យាល័យសិនអែមប្រុស (St. Ambrose University) រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។ កាលនោះ ឯកឧត្តម នៅជាព្រះសង្ឃនៅឡើយ។

អំពីវិទ្យាស្ថានតេជោសែន សាធារណាការ និងដឹកជញ្ជូន៖ យោងតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសចក្ខុវិស័យអភិវឌ្ឍជាតិរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាវិស័យអាទិភាពចម្បង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ និងសម្ពោធជាផ្លូវការនូវវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
វិទ្យាស្ថានបានបើកទទួលនិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ បាននឹងកំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញ ចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន ៣ រួមមាន ១)-ដេប៉ាតឺម៉ង់សំណង់ សាធារណការ៖ លើជំនាញសំណង់ផ្លូវ ថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ, និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់។ ២)-ដេប៉ាតឺម៉ង់គ្រប់គ្រងដឹក ជញ្ជូន និងភស្តុភារកម្ម៖ លើជំនាញសេដ្ឋកិច្ចនិងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង ៣)- ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា ដែលកម្ម វិធីសិក្សា ពេញមួយថ្ងៃ (ព្រឹក/រសៀល) ៥ថ្ងៃក្នុងមួយសប្តាហ៍ (ចន្ទ-សុក្រ) ព្រឹកចាប់ពីម៉ោង៧.០០ ដល់ម៉ោង១១.០០ និងរសៀលចាប់ពីម៉ោង១.០០ ដល់ម៉ោង៥.០០ល្ងាច។
ការបង្កើតវិទ្យាស្ថានតេជោសែន៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងការតាំងចិត្តដ៏មោះមុត ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌ វិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវ លើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និង វិស័យដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្ម ជាដើម។