ម៉ាក់ប៉ាគ្រប់រូបតែងចង់ឲ្យកូនធំឡើងក្លាយជាមនុស្សល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ និងសង្ឃឹមថាកូនអាចក្លាយជាធនធានល្អសម្រាប់ប្រទេសជាតិ។ ទន្ទឹមនឹងការចង់បានបែបនេះ យើងជាអាណាព្យាបាលគួរតែបង្ហាត់បង្រៀនកូនដោយខ្លួនឯងនូវរឿងងាយៗទាំងនេះ។

១- បង្រៀនកូនឲ្យចេះធ្វើកិច្ចការផ្ទះជាមុនសិន
ក្មេងប្រៀបដូចជាក្រដាសសស្អាត បើយើងយកពណ៌អ្វីទៅគូរហើយ ច្បាស់ជាជាប់ពណ៌នោះរហូត។ ដូចគ្នានេះដែរ ម៉ាក់ប៉ាគ្រប់រូបគួរតែបង្រៀនកូនឲ្យចេះធ្វើការងារស្រាលៗក្នុងផ្ទះ និងប្រាប់គេថា “ពេលក្រោយបើឃើញម៉ាក់ប៉ាធ្វើអ្វី កូនគួរតែមកជួយ ហើយមិនថាតែប៉ាម៉ាក់ទេ អ្នកដទៃលំបាក ក៏ត្រូវតែចេះជួយយកអាសាដែរ”។ យើងឧស្សាហ៍ប្រាប់កូនបែបនេះ កូននឹងទម្លាប់ពេលឃើញគេធ្វើអ្វីមួយ នឹងចូលខ្លួនទៅជួយដោយមិនបាច់ចាំបាច់យើងសុំ។

២- បង្រៀនឲ្យកូនចេះចែករំលែក
បើតាមបទពិសោធជាគ្រូបង្រៀនថ្នាក់មត្តេយ្យជាង ២០ ឆ្នាំ និងជាម្ដាយគេមួយរូបផងនោះ បានឲ្យដឹងថា ពេលកូនតូចៗលេងជាមួយគ្នា ត្រូវប្រាប់ឲ្យក្មេងចេះចែករំលែកសម្ភារៈទៅដល់មិត្តភ័ក្ដិដែលគ្មានអ្វីលេង។ ជាធម្មតាក្មេងបើក្មេងដទៃចង់បានរបស់ខ្លួន ទោះជារបស់នោះមិនចូលចិត្តលេងក៏មិនចង់ឲ្យដែរ ប៉ុន្តែនៅពេលយើងបែងចែករបស់លេងខ្លះសម្រាប់កូនយើង និងរបស់ខ្លះទៀតសម្រាប់កូនគេ នោះពេលក្រោយៗជួបជុំគ្នាលេង កូននឹងចាត់ចែងចែកដោយខ្លួនគេ។

៣- លើកឧទាហរណ៍មកបង្ហាញ
“ពេលមើលទូរទស្សន៍បើនៅក្នុងរឿងណាមានជនរងគ្រោះពីការធ្វើបាប យើងត្រូវប្រាប់កូនថា ក្នុងជីវិតពិតពេលជួបរឿងបែបនេះត្រូវចូលទៅជួយ ឬបើគិតថាខ្លួនមិនអាចការពារមិត្តបាន ត្រូវស្វែងរកជំនួយពីមនុស្សចាស់ៗមានកម្លាំងខ្លាំងៗបាន”។

៤- កុំបង្រៀនកូនឲ្យសើចចំអក
ប្រាប់កូនថា ក្មេងល្អ មានគេស្រលាញ់ចូលចិត្តច្រើន មិនសើចចំអកឲ្យអ្នកដទៃឡើយ។ យើងអាចប្រាប់កូនថា៖“ប្រសិនបើមានគេមកសើចចំអកឲ្យកូន កូនក៏មិនសប្បាយចិត្តដែរ គេក៏ដូចគ្នាដែរ បើកូនទៅសើចឡកឡឺយ គេប្រាកដជាខឹងមិនខាន”៕