ខេត្តតាកែវ ៖ មន្ទីរពហុព្យាបាលមួយកន្លែង ដែលមានឈ្មោះថា “មន្ទីរពហុព្យាបាល និង សម្ភព អង្គរពេជ្រចំបក់” ដែលមានទីតាំងស្ថិតនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានរដ្ឋបាលខេត្តតាកែវ សម្រេចឲ្យផ្អាកដំណើរការបណ្តោះអាសន្ន ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយពីមានស្រ្តីវិជ្ជមានកូវីដ-១៩ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាកព្យាបាល មកសម្ងំព្យាបាលនៅក្នុងមន្ទីរពេទ្យខាងលើ។

សូមបញ្ជាក់ថា នៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្រុក ចុះស្រាវជ្រាវនឹងឃាត់ខ្លួនបញ្ជូនស្ត្រីកើតជំងឺកូវីដ-១៩ ម្នាក់ ដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក និងសម្រាកព្យាបាលខេត្ត។

ស្រ្តីកើតជំងឺកូវីដដែលលួចរត់ចេញពីមន្ទីរសម្រាកព្យាបាលនេះ មានឈ្មោះ រ៉ន រ៉ាន ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ត្រូវអាជ្ញាធរយកត្រឡប់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ វិញ ក្រោយពីបានលួចរត់ពីមណ្ឌលចត្តាឡីស័ក និងសម្រាកព្យាបាលខេត្ត ហើយមកសម្ងំសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព អង្គពេជ្រ ចំបក់ ឃុំចំបក់ ស្រុកបាទី ។