ជំងឺលើសសម្ពាធឈាម ជាប្រភេទជំងឺម៉្យាងដែលអាចកើតឡើងយ៉ាងស្ងៀមស្ងាត់ មិនមានចេញរោគសញ្ញាណាមួយនាំឲ្យយើងចាប់អារម្មណ៍ ប៉ុន្តែវាអាចបង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព ពេលខ្លះអាចគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ។

ក្នុងករណីលោកអ្នកមានសញ្ញាដូចបានរៀបរាប់ទាំងនេះសូមប្រុងប្រយ័ត្ន៖ មានឈឺទ្រូងខ្លាំងខុសប្លែកធម្មតា ឈឺក្បាលខ្លាំង មានវង្វេងស្មារតី ស្រវាំងភ្នែក មានក្អួតចង្អោរ ថប់បារម្ភ ពិបាកដកដង្ហើម និងបាត់បង់ស្មារតី លែងមានការឆ្លើយតប -ល- ។

ស្របពេលជាមួយគ្នានេះ ជំងឺលើសសម្ពាធឈាមអាចបង្កឲ្យមានផលវិបាកដល់សរីរៈផ្សេងៗទៀតជាច្រើនដូចជា ការដាច់សរសៃឈាមក្នុងខួរក្បាល នាំឲ្យគាំងបេះដូង នាំឲ្យកើតជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ កើតជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺត្បៀតសរសៃឈាម និងជំងឺធ្ងន់ធ្ងរមួយចំនួនទៀត ។

ជាធម្មតាជំងឺលើសសម្ពាធឈាម ជាប្រភេទជំងឺដែលអាចការពារ និងជៀសវាងពីផលវិបាកផ្សេងៗបាន តាមរយៈការផ្លាស់ប្តូររបបចំណីអាហារ(កុំទម្លាប់ញ៉ាំប្រៃខ្លាំងពេក) ធ្វើការព្យាបាលជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងវាស់សម្ពាធឈាមជាប្រចាំ ។

បច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋខ្មែរយើង ជាច្រើនបានកើតជំងឺ ដ៏គ្រោះថ្នាក់មួយនេះ ដោយមានអ្នកខ្លះមិនបានទាំងដឹងខ្លួនជាមុនផងក៏មាន ។ យើងខ្ញុំសូមលើកទឹកចិត្ត បងប្អូនខ្មែរយើង យកចិត្តទុកដាក់ជាមួយសុខភាព ជាពិសេសជំងឺលើសសម្ពាធឈាមនេះតែម្ដង ៕