រាជធានីបាងកក៖ រហូតមកដល់ពេលនេះ បណ្ដាអង្គការនានា នៅក្នុងប្រទេសថៃ បានចុះឈ្មោះស្នើសុំទិញវ៉ាក់សាំង​បង្ការ​កូវីដ-១៩របស់ចិន សម្រាប់ចាក់ជូនដល់បុគ្គលិករបស់ខ្លួន សរុប ជាង៣លាននាក់។

សារព័ត៌មាន The Nation បានចេញផ្សាយ នៅថ្ងៃអង្គារ (ទី១៥ ខែមិថុនា) ថា រាជបណ្ឌិត្យ​សភា Chulabhorn (CRA) បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា នៅ​ថ្ងៃដំបូងនេះ មានអង្គការចំនួន ៦ ៩៣៨ បាន​ចុះឈ្មោះ​ស្នើសុំទិញវ៉ាក់សាំងបង្ការកូវីដ-១៩ Covilo​ ពីក្រុមហ៊ុន ​ Sinopharm របស់ចិន សម្រាប់ចាក់ជូនបុគ្គលិករបស់ខ្លួន សរុប ៣,១៨លាននាក់។ រីឯ CRA បានចាប់ផ្ដើមបើកការចុះឈ្មោះជូនដល់អថិជន មកពីអង្គការនានា នៅថ្ងៃទី១៤ ខែមិថុនា ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។ CRA នឹងនាំចូល ហើយលក់វ៉ាក់សាំង Covilo របស់ក្រុមហ៊ុន Sinopharm ក្នុងតម្លៃ៨៨៨បាត (ប្រាក់ថៃ) ឬស្មើនឹង២៨ដុល្លារ ក្នុង១ដូស។ តម្លៃនេះ រួមទាំងថ្លៃការដឹកជញ្ជូន ថ្លៃស្ដុក និងថ្លៃធានារាប់រង ក្នុងករណីមានផលប៉ះពាល់ពីវ៉ាក់សាំងផងដែរ។​

រាជបណ្ឌិត្យសភា CRA បានបញ្ជាក់ថា អ្នកចុះឈ្មោះទិញត្រូវបញ្ជាក់ អំពីចំនួនដូស ដែលពួកគេត្រូវការ សម្រាប់ចាក់ជូនបុគ្គលិក ហើយរាជ​បណ្ឌិត្យសភា នឹងទាក់ទងទៅពួកគេ ក្នុងថ្ងៃធ្វើការចំនួន៥ថ្ងៃ ​ដើម្បីជូនដំណឹង អំពីចំនួនដែលអាចត្រូវបាន​បែងចែក វិធីសាស្រ្តទូទាត់ប្រាក់ កាលបរិច្ឆេទចាក់វ៉ាក់សាំង និងទីកន្លែង។​ រីឯវ៉ាក់សាំង​នេះ ត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) និងរដ្ឋបាលចំណីអាហារ និងឱសថ (FDA) សម្រាប់ការប្រើប្រាស់ នៅក្នុងប្រទេសថៃ។

រាជបណ្ឌិត្យសភា CRA បានបន្ថែមថា ការចាក់វ៉ាក់សាំង Covilo របស់ក្រុមហ៊ុន Sinopharm​ គឺមានចំនួន២ដូស ដោយមានរយៈពេល ចន្លោះគ្នាពី៣-៤សប្ដាហ៍។ វ៉ាក់សាំងនេះ​អាចស្ដុកទុក នៅក្នុងសីតុណ្ហភាព ចន្លោះពី២-៨អង្សា (2-8 degrees Celsius)​។ ​ក្រុមហ៊ុន​ចិនមួយនេះ​បានបញ្ចេញវ៉ាក់សាំងបង្ការកូវីដ-១៩  ចំនួន៦៥លានដូសទៅកាន់​ប្រទេសចំនួន៥៧ នៅលើពិភពលោក ដោយវាមានប្រសិទ្ធភាព ៧៨,១ភាគរយ ហើយវាអាចទប់ទល់នឹងរោគសញ្ញាធ្ងន់ធ្ងរ និងបង្កឲ្យស្លាប់ រហូតដល់១០០ភាគរយ៕​