បរទេស៖ ក្រោយពេលប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន៣ប្រភេទល្បីល្បាញនៅទូទាំងពិភពលោករួចមក បច្ចុប្បន្ន សហរដ្ឋអាមេរិក បានបន្ដ​បង្ហាញវ៉ាក់សាំងបង្ការ​កូវីដ-១៩ថ្មីមួយ​ប្រភេទទៀត ហើយវាមានប្រសិទ្ធភាពខ្ពស់ អាចទប់ទល់នឹងវីរុស​កូវីដ-១៩កូនកាត់ (​កូវីដ-១៩បម្លែងខ្លួនថ្មី) រហូតដល់៩៣ភាគរយ​។

សារព័ត៌មាន Bloomberg បានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី១៤ ខែមិថុនា ឆ្នាំ២០២១) ថា នៅក្នុងការសាកល្បងដ៏ធំមួយ បានបង្ហាញថា វ៉ាក់សាំងបង្ការកូវីដ-១៩ Novavax មានប្រសិទ្ធភាពខ្ពស់ អាចទប់ទល់នឹងវីរុសកូវីដ-១៩ ដោយរួមទាំងវីរុសកូនកាត់ (វីរុសបម្លែងខ្លួនថ្មី) ថែមទៀតផង។​ ការចាក់វ៉ាក់សាំងនេះ អាចការពារការឆ្លងវីរុសកូវីដ-១៩ រហូតដល់៩០ភាគរយ ហើយវាការពារមិនឲ្យធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ រហូតដល់១០០ភាគរយ។

ក្រុមហ៊ុន U.S. biotech  បានបញ្ជាក់ កាលពីថ្ងៃចន្ទ (ទី១៤ ខែមិថុនា) ថា ការចាក់វ៉ាក់សាំងនេះ មានប្រសិទ្ធភាព៩០ភាគរយ ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ហើយវាមានប្រសិទ្ធភាព១០០ភាគរយ​ ​ការពារមិនឲ្យធ្លាក់ខ្លួន​ឈឺកម្រិតមធ្យម និងធ្ងន់ធ្ងរ។ ក្រៅពីនេះ ការចាក់វ៉ាក់សាំងនេះ ​អាចមានប្រសិទ្ធភាព រហូតដល់៩៣ភាគរយ អាចប្រឆាំងនឹងប្រភេទវីរុសបម្លែងខ្លួន​ប្រភេទផ្សេងៗ​ទៀតផង​។

ការសាកល្បង​​វ៉ាក់សាំង Novavax នៅក្នុងដំណាក់កាលទី៣នេះ ​មានអ្នកចូលរួមជិត ៣០ ​០០០ នាក់ រួមទាំង នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយការសិក្សា បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព​ប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី ដែលកំពុងឆ្លង នៅក្នុងសហរដ្ឋអាមេរិក តាមអ្វីដែល​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) របស់អាមេរិកកំណត់។ ដោយឡែក លទ្ធផលសាកល្បងទៅលើមនុស្ស ១៥ ០០០នាក់ នៅក្នុងចក្រភពអង់គ្លេស បានចេញផ្សាយ នៅក្នុងមីនា បង្ហាញថា ការចាក់វ៉ាក់សាំងនេះ បង្ហាញពីប្រសិទ្ធភាព៩០ភាគរយ ការពារការឆ្លងកូវីដ-១៩ និងវីរុសបម្លែងខ្លួនផ្សេងៗទៀត។​

ក្រុមហ៊ុន Novavax បានបញ្ជាក់​ថា ក្រុមហ៊ុនមានសមត្ថភាពអាចផលិតវ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួន ចំនួន១០០លានដូស ក្នុងមួយខែ ​នៅដំណាច់ត្រីមាសទី៣ និង ផលិតបាន១៥០លាន ដូសក្នុងមួយខែ នៅចុងឆ្នាំ២០២១។​

លោក Stanley C. Erck នាយកប្រតិបត្ដិក្រុមហ៊ុន Novavax បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ​Novavax នឹងបោះជំហានទៅមុខ ជួយដោះស្រាយបញ្ហាតម្រូវការសុខភាពសាធារណៈជាសកលលោក សម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩​។

កន្លងមក សហរដ្ឋអាមេរិក មានវ៉ាក់សាំងបង្ការកូវីដ-១៩ ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ចំនួន ៣ រួមមាន Pfizer, Moderna និង Johnson & Johnson ។ ​បច្ចុប្បន្ន សហរដ្ឋអាមេរិកមានវ៉ាក់សាំងបង្ការកូវីដ-១៩ Novavax ថ្មីមួយទៀត ប៉ុន្ដែវ៉ាក់សាំងនេះមិនទាន់បានទទួលស្គាល់នៅឡើយ ព្រោះទើបនឹងបញ្ចប់ការសាកល្បង៕