ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានស្រ្តីជាម្តាយក្មេងរងគ្រោះ៣នាក់ បានមកដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយចោទប្រកាន់លើជនបរទេសម្នាក់ថា បានបំពានផ្លូវភេទរបស់កូនស្រីខ្លួន។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹង និងហៅក្មេងស្រីរងគ្រោះ៤នាក់ រួមមាន ៖ទី១-ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ឆ្នាំ , ទី២-ឈ្មោះ រ. ឡ. ភេទស្រី អាយុ១២ឆ្នាំ ,ទី៣-ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ និងទី៤-ឈ្មោះ រ. ល. ភេទស្រី អាយុ១០ឆ្នាំ មកសាកសួរ។ ក្មេងស្រីរងគ្រើ បានរៀបរាប់ថា ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបានទិញទូរស័ព្ទម៉ាក OPPO ឲ្យម្នាក់១គ្រឿង និងបានឲ្យប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ដុល្លារ រួចបានបំពារបំពានផ្លូវភេទជាច្រើនលើក ក្នុងពេលហៅទៅជួបម្តងៗ។

ប្រភពបន្តថា ក្រោយពីបានស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះ កម្លាំងសមត្ថកិច្ច បានរាយការណ៍ទៅព្រះរាជអាជ្ញាសុំដីកា បើកការស៊ើបអង្កេតបឋម រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចបានកោះហៅបុរសបរទេសឈ្មោះ Xavier Vincent G ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសបរទេសរូបនេះ ឆ្លើយថា រូបគេពិតបានស្គាល់ក្មេងរងគ្រោះទាំង៤នាក់នោះពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទឲ្យ ឲ្យលុយក្មេងៗនោះចាយ ធ្លាប់ទិញនំចំណីឲ្យ និងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែមិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីសាកសួរ ពិនិត្យចម្លើយ ស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាក់ សម្ភារ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិទ្ធ បញ្ជាឲ្យឃុំខ្លួនចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប នារសៀលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕