រាជធានីភ្នំពេញ៖ យោង​តាម​លិខិត​មួយរ​បស់​សមា​គម​វៀត​ណាម​ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា ឆ្នាំ២០២១​ បានចុះផ្សាយឲ្យដឹងថា សមា​គម​វៀត​ណាមនៅកម្ពុជា នឹងព្យាយាមរកដំណោះស្រាយជូនពលរដ្ឋវៀតណាម ដែលរស់នៅលើទឹកនឹងវិលមករកលក្ខណៈប្រក្រតីឆាប់ៗនេះវិញ។

សមា​គម​វៀត​ណាម​បាន​លើក​ឡើង​ថា ពល​រដ្ឋ​វៀត​ណាម​ដែល​កំពុង​រស់​នៅ​ក្នុង​ខណ្ឌ​ទាំង​៦​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ត្រូវ​បាន​ផ្លាស់​ប្ដូរ​ផ្ទះ​បណ្ដែត​ទឹក​ទៅ​កាន់​ទី​តាំង​ថ្មី គឺ​ស្ថិត​នៅ​ទន្លេ​សាប​ក្បែរវត្តគ្រួសក្នុងសង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ស្រុកពញ្ញាឮខេត្ត​កណ្ដាល។ លើស​ពី​នេះ សមាគមវៀតណាមក៏បាន​ស្នើ​ឱ្យ​ពល​រដ្ឋ​ទាំង​នោះ ត្រូវ​រក្សា​ភាព​អត់​ធ្មត់ ហើយ​ជំនួយ​ជា​ស្បៀង​អាហារ នឹង​ត្រូវ​បាន​ផ្ដល់​ដល់​ដៃ​គ្រប់​គ្នា​ទាន់​ពេល​វេលា ដើម្បីបន្ថយទុក្ខ​លំ​បាក ហើយ​ស្ថាន​ភាព​ការ​រស់​នៅ ​នឹង​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​។​

ក្រុម​ពល​រដ្ឋ​វៀត​ណាម​មួយ​ចំនួន​ដែល​មាន​ផ្ទះ​បណ្ដែត​ទឹក​នៅ​ក្នុង​ភូមិ​សាស្រ្ដ​រាជ​ធានី​ភ្នំ​ពេញ​និង​មិន​បាន​រុះ​រើ​តាម​កាល​កំណត់​របស់​សាលា​រាជ​ធានី​ភ្នំ​ពេញ គឺ​បាន​ប្រើ​ទូក​អូស​សណ្ដោង​ផ្ទះ​បណ្ដែត​និង​បែ​ចិញ្ចឹម​ត្រី​របស់​ពួក​គាត់ ទៅ​រស់​នៅ​ក្នុង​ទី​តាំង​ថ្មី​បណ្ដោះ​អាសន្នស្ថិតនៅក្បែរវត្ត​គ្រួស​តាំង​ពី​ថ្ងៃ​ទី​១១​មិថុនា តាម​ការ​សម្រេច​ថ្មី​រ​បស់​សាលា​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ទុក​ឱ​កាស​ឱ្យ​ត្រី​ក្នុង​បែ​ចិញ្ចឹម​របស់​ពួក​គេ​អាច​ធំ​ល្មម​ចាប់​លក់​អស់​សិន​។

អភិបាលខណ្ឌ​ព្រែក​ព្នៅ​លោក សុខ សម្បត្តិ បាន​ប្រាប់​ទៅ​លោក ស៊ឹម ជី ប្រធាន​សមា​គម​វៀត​ណាម​ប្រចាំ​កម្ពុជា​ថា ទី​តាំង​ថ្មី​នោះ​គឺ​អនុ​ញ្ញាត​ឱ្យ​ពល​រដ្ឋ​វៀត​ណាម​រស់​នៅ​បណ្ដោះ​អាសន្ន​ប៉ុណ្នោះ ហើយ​នៅ​ពេល​ខាង​មុខ ពួក​គេ​ត្រូវ​តែ​ចល័ត​ដើម្បី​ចាក​ចេញ​ពី​ទៅ​ក្រុង​ភ្នំ​ពេញ​ទៅ​កាន់​ទី​តាំង​ថ្មី​​​ ៕​