ភាគច្រើនយើងសង្កេតឃើញថា អាហារកំប៉ុងកំពុងតែពេញនិយមញុំាណាស់ ពីព្រោះថាវាមានរសជាតិឆ្ងាញ់ និងមិនពិបាកចម្អិននោះទេ។ ប៉ុន្តែ បើយោងតាមការសិក្សាមួយបានបញ្ជាក់ថា អាហារកំប៉ុងទាំងអស់ត្រូវបានគេដុតកម្ដៅក្នុងសីតុណ្ហភាពខ្ពស់ ដើម្បីសម្លាប់មីក្រូសរីរាង្គតូចៗ មុននឹងច្រកចូលកំប៉ុង ហើយពេលដែលដុតនោះទៀតសោត គឺវាបានបំផ្លាញអង់ស៊ីម និងសារធាតុចិញ្ចឹមទៀតផង។ ដូច្នេះអាហារកំប៉ុងទាំងអស់ស្ទើរតែបាត់បង់នូវសារធាតុចិញ្ចឹមអស់ហើយ។

លើសពីនេះទៅទៀត អាហារកំប៉ុងច្រើនធ្វើពី ផ្លែឈើ បន្លែ ត្រី និងសាច់ដទៃទៀត ដែលនៅក្នុងនោះវាមានផ្ទុកនូវសារធាតុ Bisphenol A (BPA) ដែលអាចធ្វើឱ្យទារកប្រឈមនឹងពិការភាពពីកំណើតទៀតផង ប្រសិនបើម្ដាយពពោះទទួលច្រើន។ តួយ៉ាង Bisphenol A (BPA) ជាសារធាតុពុលនៅក្នុងប្លាស្ទិច និងជ័រអ៊ីប៉ូតូស៊ីននៅក្នុងកំប៉ុងដែលផ្ទុកនូវអាហារទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់ Babymed ។

គួរបញ្ជាក់ផងដែរថា យោងតាមប្រភពដដែលបានអោយដឹងបន្ថែមថា ប្រសិនបើស្ដ្រីញុំាអាហារកំប៉ុងច្រើន នោះពួកគេអាចប្រឈមនឹងហានិភ័យខ្ពស់ណាស់។ ជាពិសេសសារធាតុ BPA អាចបណ្ដាលអោយស្រី្តប្រឈមកើតជំងឺមហារីក ជំងឺបេះដូង និងជំងឺថ្លើម។ នៅក្នុងនោះដែរ អ្នកវិទ្យាសាស្ត្របាននិយាយថា ស្ដ្រីញ៉ាំអាហារកំប៉ុងក្នុងពេលមានផ្ទៃពោះអាចធ្វើឱ្យទារកប្រឈមហានិភ័យប៉ះពាល់ដល់សុខភាពបន្តពូជរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ Theweek.in។

មិនតែប៉ុណ្ណោះ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបានព្រមានថា សូមក្រើនរំលឹកដល់ស្ត្រីមានផ្ទៃពោះដែលចូលចិត្តបរិភោគត្រីធូណាកំប៉ុង(ត្រីខ)ច្រើន គួរតែកាត់បន្ថយភ្លាម ពីព្រោះអាហារកំប៉ុងទាំងនេះមានជាតិបារតខ្ពស់ណាស់។

នៅពេលដែលកម្រិតបារតខ្ពស់ចូលក្នុងចរន្តឈាមរបស់អ្នក វាអាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់នៃប្រព័ន្ធសរសៃប្រសាទរបស់ទារកបាន។ ដូច្នេះស្រ្ដីពពោះ មិនត្រូវញុំាត្រីធូណាកំប៉ុងលើសពី ១៧០ក្រាមក្នុងមួយសប្តាហ៍នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ Babymed ។

ជាចុងក្រោយ បើសិនជាចង់អោយអ្នក និងកូនរបស់អ្នកមានសុខភាពល្អ អ្នកគួរចៀសវាងអាហារកំប៉ុងសិនទៅ ព្រោះវាងាយបង្កហានិភ័យដល់កូនអ្នកខ្ពស់ណាស់៕