មីកញ្ចប់ ឬមីកំប៉ុងបានក្លាយជាអាហារពេញនិយមមួយសម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់អ្នកដាច់លុយចុងខែ។ ប៉ុន្តែប្រិយមិត្តដឹងអត់ថា អាហារប្រភេទនេះផ្ដល់នូវគុណវិបត្តិលើសពីអ្វីដែលយើងគិត ហេតុដូច្នេះហើយទើបយើងតែងឮគេនិយាយថាមីគឺជាអាហារដ៏គ្រោះថ្នាក់ ហើយគ្រូពេទ្យជាច្រើនក៏បានផ្ដល់ដំបូន្មានថាមិនគួរទទួលទានញឹកញាប់ឡើយ ហើយបើចៀសវាងបានគឺកាន់តែល្អ។

១. មានសារធាតុធ្វើឲ្យកើតរោគមហារីក
ទាំងសរសៃមី និងកំប៉ុងសម្រាប់ស្រុះមីគឺសុទ្ធតែមានសារធាតុដែលបង្កជំងឺមហារីក ដែលមានឈ្មោះថា Styrofoam។ សារធាតុគីមីប្រភេទនេះច្រើនមាននៅក្នុងប្រអប់ស្នោ ឬជ័រប្លាស្ទិក។ នៅពេលសារធាតុនេះជ្រាបចូលក្នុងរាងកាយ វានឹងជំរុញឲ្យកោសិកាមហារីកដែលមានស្រាប់ក្នុងរាងកាយ រីកដុះដាលកាន់តែឆាប់រហ័ស។

២. ខ្វះសារធាតុចិញ្ចឹម
ក្នុងមីមានសារធាតុចិញ្ចឹមត្រឹមតែ កាបូអ៊ីដ្រាត ខ្លាញ់ និងអំបិល ហើយនៅក្នុងអំបិលមីក៏មាន ប៊ីចេង សូដ្យូម និងសារធាតុធ្វើឲ្យទុកបានយូរ។ ក្នុងនោះបើអ្នកទទួលទានប៊ីចេងច្រើន វានឹងធ្វើឲ្យមានអាការៈខ្សោយ ឈឺក្បាល ក្អួតចង្អោរ បើទទួលទានសូដ្យូមច្រើន វាក៏អាចបណ្ដាលឲ្យកើតជំងឺបេះដូង ថ្លើម និងលើសឈាម។

៣. ឆាប់ធាត់
ដោយសារមានជាតិសូដ្យូមច្រើន ផ្សំជាមួយជាតិម្សៅ និងខ្លាញ់ដែលជាគ្រឿងផ្សំសំខាន់ៗរបស់មី វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាករំលាយ និងឆាប់ធាត់។ ដូច្នេះវាក៏មិនសក្ដិសមដែរសម្រាប់អ្នកដែលចង់សម្រកទម្ងន់។

៤. គ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ
មនុស្សស្រីមានផ្ទៃពោះមិនថាស្ថិតក្នុងខែណាក៏ដោយក៏ពុំគួរទទួលទានមីឡើយ ដោយសារកំឡុងពេលមានផ្ទៃពោះ អ្នកត្រូវតែទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ទារក។ អាហារដែលអ្នកគួរទទួលទានមានដូចជា ទឹកដោះគោ បន្លែ ផ្លែឈើ និងត្រី។ ក្រៅពីនេះ មីកញ្ចប់មានប្រើគ្រឿងទេសច្រើនមុខជាពិសេសប៊ីចេងដែលអាចធ្វើឲ្យកូនក្នុងផ្ទៃពិការ ឬរលូតបាន។

៥. ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ
គ្រឿងផ្សំដែលមានក្នុងមីកញ្ចប់អាចផ្ដល់ទុក្ខទោសដល់រាងកាយដូចជា សារធាតុ Polypropylene និង glycol ដែលមានក្នុងមី នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើការមិនបានល្អដែលធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ ឆាប់កើតជំងឺផ្សេងៗ។ លើសពីនេះវាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការខ្សោយជាងមុនដែរ ៕