រាជធានីបាងកក៖ ប្រជាពលរដ្ឋ ដែលទៅលេងប្រទេសថៃ ឬវិលត្រឡប់មកមាតុភូមិវិញ នឹងត្រូវបង់លុយ សម្រាប់ការធ្វើចត្ដាឡីស័ករបស់ពួកគេ ចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខតទៅ ដោយសាររដ្ឋាភិបាលបានសម្រេចលុបចោល ការចេញលុយរាប់រងលើបញ្ហានេះ។

សារព័ត៌មាន The Nation បានផ្សាយថា ការិយាល័យក្រុមប្រឹក្សាសន្ដិសុខជាតិ (ONSC) បានប្រកាស កាលពីថ្ងៃទី១១ ខែមិថុនា ថា ប្រជាពលរដ្ឋ ដែលមកលេងប្រទេសថៃ ឬវិលត្រឡប់មកផ្ទះវិញ នឹងត្រូវបង់ប្រាក់ សម្រាប់ការធ្វើចត្ដាឡីស័ករបស់ពួកគេ ដោយសារនៅពេលដ៏ខ្លីខាងមុខ រដ្ឋាភិបាលថៃនឹងបញ្ឈប់ការផ្តល់កន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ បន្ដទៀតហើយ។

លោក Natapol Nakpanit អគ្គលេខាធិការ ONSC បានបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានផ្ដោតមើលលើការលុបចោលការធ្វើចត្ដាឡីស័ករបស់រដ្ឋ ចាប់តាំងពីខែមីនាមក ដោយសារមានមនុស្សតិចតួច ធ្វើដំណើរមកពីក្រៅប្រទេស។ រីឯអាជ្ញាធរក៏កំពុងតែពិចារណា លើការបញ្ចុះតម្លៃ សម្រាប់ការធ្វើចត្ដាឡីស័កនេះផងដែរ។

លោកអគ្គលេខាធិការ ONSC បានបន្ថែមថា ការចំណាយសម្រាប់លើការធ្វើចត្ដាឡីស័កនេះ នឹងត្រូវលុបចោល ចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខតទៅ រហូតទាល់តែមានបទបញ្ជាផ្សេងទៀត ពីនាយករដ្ឋមន្រ្ដីថៃ៕