សព្វថ្ងៃនេះមនុស្សម្នាក់ៗមានការប្រើប្រាស់ទូរសព្ទច្រើនមែនទែន មិនថានៅក្នុងបន្ទប់គេង បន្ទប់ទឹក ឬក៏នៅទីសាធារណៈ គឺតែងតែកាន់យកទៅតាមសឹងគ្រប់ពេល។ អ្នកដឹងទេថា កន្លែងដែលអ្នកទុកទូរសព្ទពិតជារឿងដែលត្រូវយកចិត្តទុកដាក់បំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព និងយឺតពេលទម្រាំបានដឹង។ ដូច្នេះថ្ងៃនេះ យើងនឹងប្រាប់អ្នកទាំងអស់គ្នា ពីកន្លែងគ្រោះថ្នាក់ទាំងអស់នោះ ដែលអ្នកគួរជៀសវាង៖

១. ហោប៉ៅខាងក្រោយ
មានហេតុផលសំខាន់ៗ ៣ ដែលអ្នកមិនគួរដាក់នៅត្រង់កន្លែងនេះ ទី១ គឺអ្នកអាចនឹងជ្រុះបាត់ឬអង្គុយលើដោយមិនខ្លួន ទី២ វាអាចបណ្ដាលឲ្យខ្នង ឬជើងអ្នកមានការឈឺចាប់ ហើយចុងក្រោយនោះ គឺបើទូរសព្ទអ្នកមិនជាប់សោ វានឹងអាចរេខលទៅគេផ្តេសផ្តាស។

២. អាវទ្រនាប់
ស្រីៗមួយចំនួន ចាត់ទុកថាកន្លែងនេះជាកន្លែងដែលស្រួលដាក់និងលឿនបំផុត ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានធ្វើការស្រាវជ្រាវរកឃើញថា ជាតិវិទ្យុសកម្ម និងរំញ័រអាចធ្វើឲ្យកើតជំងឺមហារីក គឺមហារីកដោះតែម្តង។

៣. ដាក់នៅជិតមុខ
រាល់ពេលដែលទទួលទូរសព្ទ ត្រូវប្រាកដថាដាក់ឲ្យមានគម្លាតពី ០.៥ ទៅ ១.៥ ពីស្បែកមុខមិនត្រូវដាក់ឲ្យប៉ះផ្ទាល់ជាមួយស្បែកមុខនោះទេ ព្រោះវានឹងបញ្ចេញជាតិម៉ាញេទិច និងជាតិវិទ្យុសកម្ម ហើយនឹងបាក់តេរីផ្សេងៗ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក។ ហេតុដូចនេះ កុំភ្លេចជូតអេក្រង់ទូរសព្ទឲ្យបានញឹកញាប់ ពិសេសសម្រាប់អ្នកដែលចូលចិត្ត Make Up។

៤. ដាក់នៅកន្លែងអ្នកត្រជាក់ខ្លាំង
ចង់សំដៅលើប្រទេសណាត្រជាក់ខ្លាំង ឬមានធ្លាក់ព្រិល ទូរសព្ទមិនអាចទ្រាំទ្រនូវសីតុណ្ហភាពបាន ដែលធ្វើឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែសម្រាប់នៅស្រុកខ្មែរវិញ អាចនិយាយបានថាពេលអ្នកដាក់ទូរសព្ទនៅក្នុងឡានដែលមានម៉ាស៊ីនត្រជាក់ នោះវាក៏អាចបង្កគ្រោះថ្នាក់បានដូចគ្នា។ ដូច្នេះអ្នកគួរមានស្រោមទូរសព្ទទុកសម្រាប់ការពារ។

៥. នៅក្រោមខ្នើយ
ភាគច្រើនមនុស្សចុចទូរសព្ទរហូតដល់គេងលក់ និងដាក់នៅក្រោមខ្នើយដោយមិនបានដាក់នៅលើតុ ឬទីណាផ្សេងឆ្ងាយពីក្បាលដំណេក។ បែបនេះ គឺមានផលប៉ះពាល់ខ្លាំងមែនទែនចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រោះជាតិវិទ្យុសកម្មចេញពីទូរសព្ទ អាចធ្វើឲ្យអ្នកឈឺក្បាល។ ម្យ៉ាងវិញទៀត កម្តៅដែលចេញពីទូរសព្ទមិនអាចចេញទៅណារួចទេ ជាហេតុអាចបង្កគ្រោះថ្នាក់ដោយប្រការណាមួយ ដូច្នេះពេលគេងកុំទុកទូរសព្ទនៅក្រោមខ្នើយឲ្យសោះ។

៦. កន្លែងក្តៅពេក
ជាធម្មតាទូរសព្ទបញ្ចេញកម្តៅនៅពេលសាកថ្ម ប្រសិនបើអាកាសធាតុនៅជុំវិញក្តៅខ្លាំងទៀតនោះ វាអាចនឹងផ្ទុះបាន។
៧. ទុកសាកថ្មចោលពេញមួយយប់
មិនគួរដាក់ទូរសព្ទសាកថ្មចោលពេញមួយយប់ទេ ព្រោះវាមិនអាចធ្វើឲ្យថ្មកាន់បានយូរ ថែមទាំងបន្ថែមកម្តៅដល់ទូរសព្ទទៀតផង។

៨. ហោប៉ៅខាងមុខ
ភាគច្រើនបុរសៗអត់សូវចូលចិត្តសាំញ៉ាំ ហើយគិតថាទុកកន្លែងហ្នឹងស្រួលហូតចុះហូតឡើងយកមកនិយាយ ប៉ុន្តែគាត់មិនបានដឹងទេថា រលកនៃអេឡិចត្រូម៉ាញ៉េទិច គឺអាចធ្វើឲ្យមេជីវិតឈ្មោលមានបញ្ហា៕