រាជធានីបាងកក៖ ក្រោយពេលមានកង្វះខាត អំពីការផ្គត់ផ្គង់វ៉ាក់សាំងប​ង្ការកូវីដ-១៩ មិនអាចចាក់តាមផែនការ ដែលរដ្ឋាភិបាលបានកំណត់លើកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិនោះ នាំឲ្យក្រុមគ្រូពេទ្យ ស្ដីបន្ទោសយ៉ាងខ្លាំងទៅលើនាយករដ្ឋរដ្ឋមន្រ្ដីថៃ។

សារព័ត៌មានថៃ (បាងកកប៉ុស្ដិ៍) បានចេញផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ថា ផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិ បានប្រឈមនឹងភាពច្របូកច្របល់ ក្រោយពេលមន្ទីរពេទ្យរដ្ឋ និងឯកជននានា បានប្រកាស អំពីការសម្រេចចិត្តរបស់ពួកគេ ដើម្បីពន្យារពេលការចាក់វ៉ាក់សាំង ដោយសារការផ្គត់ផ្គង់វ៉ាក់សាំងមិនទាន់ពេលវេលា។​

នៅពេលនិយាយអំពីការខ្វះខាតវ៉ាក់សាំងដូច្នេះ លោក Anutin Charnvirakul រដ្ឋមន្រ្ដីក្រសួងសុខាភិបាលសាធារណៈថៃ បានបង្វែរបញ្ហានេះដាក់បន្ទុកទៅលើទៅរដ្ឋបាលរាជធានីបាងកក ហើយបន្ទាប់មកបានស្តីបន្ទោសដល់រដ្ឋាភិបាល ដោយនិយាយថា ខ្លួនមិនបានទទួលការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ឆ្លើយតបទៅនឹងគោលដៅ នៃការចាក់វ៉ាក់សាំងថ្នាក់ជាតិ។​

លោក Kiattiphum Wongrachit រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ កាលពីថ្ងៃអាទិត្យ (ទី១៣ ខែមិថុនា) បានទទួលស្គាល់ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃ បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ តិចជាងការរំពឹងទុក សម្រាប់ខែនេះ។​

លោកវេជ្ជបណ្ឌិត Kiattiphum បានបញ្ជាក់ថា ការខ្វះខាតវ៉ាក់សាំងនេះ នាំឲ្យមានការកែប្រែកម្មវិធីចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំ សម្រាប់ខែកក្កដា និងខែសីហា។​ រីឯមន្ទីរពេទ្យរដ្ឋ និងឯកជនជាច្រើនទៀត នៅក្នុងរាជធានី ក៏ដូចជា មន្ទីរពេទ្យនានា នៅតាមបណ្ដាខេត្ត​ ​បានពន្យារពេលការកំណត់ការចាក់វ៉ាក់សាំង សម្រាប់សប្ដាហ៍នេះ។ ករណីនេះបានកើតឡើង ដោយសារតែមន្ទីរពេទ្យទាំងនោះ មិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ពីក្រសួងសុខាភិបាលថៃ។​

​ដោយឡែក លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានបញ្ជាក់ថា ក្នុងចំណោមការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៦,៣លានដូសនោះ គេរំពឹងថា ទីក្រុងបាងកកនឹងទទួលបានវ៉ាក់សាំង ចំនួន១,១៦លានដូស នៅក្នុងខែនេះ ខណៈបណ្ដាខេត្ត​ចំនួន៧៦ផ្សេងទៀត នឹងទទួលបាន ៣,២២លានដូស។ រីឯខេត្ត ដែលមានការឆ្លងកូវីដ-១៩តិច អាចនឹងត្រូវពន្យារពេលនូវកម្មវិធីចាក់វ៉ាក់សាំងរបស់ពួកគេនេះ។​

ទោះជាយ៉ាងណា សង្គម​វេជ្ជបណ្ឌិតជនបទ​ បានបញ្ជាក់ទៅកាន់នាយករដ្ឋមន្រ្ដីថៃ ​លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ថា ក្នុងឋានៈជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩​ (CCSA) ត្រូវតែស្ដីបន្ទោស ចំពោះបញ្ហាកង្វះខាតវ៉ាក់សាំង នៅក្នុងទីក្រុងបាងកក។ សង្គមវេជ្ជបណ្ឌិតនេះ បានបញ្ជាក់ថា ​ CCSA បានដោះស្រាយផ្ដល់វ៉ាក់សាំង១លានដូស សម្រាប់ទីក្រុងបាងកក នៅក្នុងខែមិថុនា ហើយប្រហែល៥០០ ០០០ដូស ត្រូវបានប្រគល់ឲ្យកាលពីសប្ដាហ៍មុន៕