ដឹងថាគ្រោះថ្នាក់ដែរ ដែលត្រូវប្រើទូរសព្ទមុនពេលចូលគេង ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចកាត់បន្ថយ ឬបញ្ឈប់ទម្លាប់នេះបាន។ បើអ្នកក៏ស្ថិតនៅក្នុងមនុស្សភាគច្រើនដែលមិនអាចទុកទូរសព្ទឱ្យនៅឆ្ងាយពីដៃ ក្នុងពេលគេងលើគ្រែបាន គួរតែដឹងរឿងសំខាន់ៗខាងក្រោមនេះសិន ទើបអាចប្រើដោយមិនភ័យពីគ្រោះថ្នាក់ដល់សុខភាព៖

១. បិទពន្លឺទូរសព្ទដោយដាក់ Night Mode
បើអ្នកត្រូវប្រើទូរសព្ទពេលយប់ ត្រូវប្រាកដក្នុងចិត្តថា ពន្លឺទូរសព្ទខ្សោយ មិនជះខ្លាំង។ ហើយទូរសព្ទមួយចំនួនអាចដាក់ Night Mode បាន។ ត្រូវចាំថា ពន្លឺខ្លាំងពេកនឹងធ្វើឱ្យភ្នែកអ្នកចាំង ហើយនាំឱ្យអ្នកឆាប់អស់កម្លាំង។ អ្វីដែលគួរយកចិត្តទុកដាក់បន្ថែម គឺកុំប្រើទូរសព្ទក្នុងពេលបន្ទប់បិទភ្លើងងងឹតឈឹង ទោះបីដាក់ពន្លឺអេក្រង់ខ្សោយក៏ដោយ។

២. ឧស្សាហ៍ជូតសម្អាតអេក្រង់ទូរសព្ទឱ្យបានស្អាត
អេក្រង់ទូរសព្ទគឺជារនាំងមួយដែលអាចជួយការពារភ្នែករបស់អ្នកបាន។ តាមរយៈការលាងសម្អាតអេក្រង់ឱ្យបានស្អាតជាប្រចាំនឹងជួយឱ្យអ្នកមើលបានច្បាស់ មិនបាច់ប្រឹងខ្លាំងក្នុងការមើល។

៣. កុំមើលទូរសព្ទ ពេលគេងផ្កាប់មុខ
ការប្រើទូរសព្ទក្នុងឥរិយាបថនេះនឹងធ្វើឱ្យភ្នែកអ្នកត្រូវប្រឹងខ្លាំង។ ហេតុនេះហើយ បើអ្នកប្រឹងមើលអេក្រង់ទូរសព្ទយូរដោយគេងផ្កាប់បែបនេះ ភ្នែកអ្នកនឹងទៅជាស្រវាំង ឈឺ និងចុករោយគ្រាប់ភ្នែក។

៤. មិនគួរប្រើទូរសព្ទលើសពី១ម៉ោងកន្លះមុនចូលគេង
ការប្រើទូរសព្ទយូរដល់ថ្នាក់ច្រើនជាង១ម៉ោងកន្លះ នឹងធ្វើឱ្យប៉ះពាល់ដល់ចក្ខុប្រសាទ និងកាត់បន្ថយសមត្ថភាពចងចាំ។

៥. សារ៉េទំហំអក្សរ និងពណ៌ឱ្យបានត្រឹមត្រូវ
ការតម្រូវពណ៌ និងទំហំអក្សរនៅលើអេក្រង់ទូរសព្ទនឹងជួយឱ្យភ្នែកអ្នកអាចមើលឃើញបានស្រួលជាងមុនដូចជា ពេលផ្ញើសារ ចូល Web Page ណាមួយ ឬមើលឯកសារជាដើម។

៦. ដាក់អេក្រង់ទូរសព្ទក្នុងទំហំមុំ៤៥ដឺក្រ
ពេលប្រើទូរសព្ទ ហាមដាច់ខាតការយកមកដាក់ក្បែរមុខ ឬជិតនឹងភ្នែក។ វិធីដ៏ល្អបំផុតក្នុងការមើលអេក្រង់ទូរសព្ទ គឺដាក់ក្នុងកម្រិតមុំ៤៥ដឺក្រេ ឬមិនឱ្យទាលជាងនេះឡើយ ព្រោះវាអាចធ្វើឱ្យរួយក និងអស់កម្លាំង។ ចំណែកគម្លាតដែលត្រូវដាក់ទូរសព្ទឆ្ងាយពីមុខគឺពី ៣០ ទៅ ៥០ ស.ម៕