រាជធានីភ្នំពេញ៖ វិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅប្រទេសវៀតណាម ជាមូលហេតុចម្បងដែលរារាំងការវិលត្រឡប់ទៅកាន់វៀតណាមវិញរបស់ពលរដ្ឋរស់នៅលើផ្ទៃទឹកកម្ពុជា។ នេះជាការអះអាងរបស់លោក ស៊ឹម ជី ប្រធានសមាគមវៀតណាមនៅកម្ពុជា បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកមួយ បន្ទាប់ពីលោកបានដាក់លិខិតទៅអាជ្ញាធររាជធានីភ្នំពេញ ដើម្បីពន្យល់ពីហេតុផលនេះផងដែរ។

យោងតាមការផ្ដល់បទសម្ភាស នាព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ លោក ស៊ឹម ជី បានបញ្ជាក់ថា ពេលនេះអាជ្ញាធរវៀតណាមបានរឹតត្បិតការចេញចូលតាមច្រកព្រំដែនដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ដោយការឆ្លងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យវៀតណាមមានជាង១ម៉ឺនករណី និងស្លាប់ជិត៦០នាក់។

«អំឡុងពេលវៀតណាមបិទព្រំដែន បើអាជ្ញាធរនៅតាមបណ្តាខេត្តនានា មិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាមស្នាក់នៅបណ្តោះអាសន្នលើផ្ទៃទឹកក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ ពលរដ្ឋវៀតណាម ត្រូវផ្លាស់ទីផ្ទះបណ្តែតទឹក ផ្ទះទូក ឬក្បូនវិលត្រឡប់មកភ្នំពេញវិញដដែល»។ ប្រធានសមាគមវៀតណាម បានពន្យល់យ៉ាងដូច្នេះ។

គិតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ សុទ្ធតែបានអះអាងពីដំណើរការទៅមុខ ក្រោមបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ ដែលតម្រូវឲ្យម្ចាស់ផ្ទះបណ្តែតទឹក បែត្រី និងសំណង់មិនរៀបរយផ្សេងទៀត រុះរើចេញដើម្បីរក្សាសោភណភាព និងអនាម័យ។

បើតាមលោក លោក ស៊ឹម ជី ពលរដ្ឋវៀតណាមដែលបានរើកន្លែងស្នាក់ នៅចេញពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានមួយចំនួនបានបោះតង់ស្នាក់នៅតាមច្រាំងទន្លេ និងមួយចំនួនទៀតបានជួលផ្ទះគេស្នាក់នៅ ៕