រដ្ឋធានីប៉េកាំង៖ ការផ្ទុះហ្គាស នៅខេត្តហ៊ូប៉ី (Hubei) នាភាគកណ្ដាល ប្រទេសចិន កាលពីព្រឹក ថ្ងៃអាទិត្យ (ទី១៣ ខែមិថុនា ឆ្នាំ២០២១) បានបណ្ដាលឲ្យមានមនុស្ស​១២នាក់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត រងរបួស។

សារព័ត៌មានចិន (Chaina Daily) បានផ្សាយ​ថា អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ការផ្ទុះហ្គាស នៅក្នុងខេត្តហ៊ូប៉ី​ កាលពីព្រឹក ថ្ងៃទី១៣ ខែមិថុនា បានបណ្ដាលឲ្យមានអ្នកស្លាប់ ចំនួន១២នាក់ ហើយមនុស្សជាង១០០នាក់ផ្សេងទៀត រងរបួស ក្នុងនោះមានអ្នករងរបួសធ្ងន់ ចំនួន៣៩នាក់។​

បើតាមទីបញ្ជាការជួយសង្រ្គោះ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១២រសៀល ថ្ងៃដដែលនោះ  ក្រុមអ្នកជួយសង្រ្គោះបានរកឃើញមនុស្ស១៥០នាក់ ហើយនាំចេញពីកន្លែងផ្ទុះ ស្ថិតក្នុងទីក្រុង​ Shiyan ខេត្តហ៊ូប៉ី ហើយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ។​

ទីបញ្ជាការជួយសង្រ្គោះ បានបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានកើតឡើង នៅក្នុងសហគមន៍លំនៅឋានមួយ ស្ថិតក្នុងខណ្ឌ Zhangwan ក្រុង​ Shiyan ខេត្តហ៊ូប៉ី (Hubei) នាវេលាម៉ោង៦ និង ៣០ នាទីព្រឹក ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្សជាច្រើននាក់ជាប់ នៅក្នុង​អគារ​នោះ។

ទោះជាយ៉ាងណា អាជ្ញាធរ​មិនទាន់បានបញ្ជាក់អំពីឧប្បត្ដិហេតុនេះនៅឡើយ ហើយករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត៕​