ខេត្តបាត់ដំបង៖ អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធ បានលើកឡើងថា ក្រសួងកសិកម្មនឹងចាត់វិធានការចំពោះមន្រ្តីខិលខូច ដែលឃុបឃិតជាមួយជនទុច្ចរិតកាប់ទន្ទ្រានដីព្រៃលិចទឹកខណៈដីព្រៃលិចទឹករាប់ម៉ឺនហិកតាក្នុងភូមិសាស្រ្តខេត្តបាត់ដំបងត្រូវបានពួកជនខិលខូចលួចឈូសឆាយកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ជាបន្តបន្ទាប់ ។

ក្នុងឱកាសចុះប្រកាសបិទការនេសាទ នៅចុងសប្ដាហ៍នេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង មានប្រសាសន៍ថាដីព្រៃលិចទឹកនៅក្នុងតំបន់៣ ប្រមាណជាង១០០០ហិកតា នៅចំណុចក្រពើស្គម ស្ថិតក្នុងភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ត្រូវបានពួកជនខិលខូចលួចឈូសឆាយកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ជាបន្តបន្ទាប់ ។

លោក សឿម ប៊ុនរិទ្ធបន្តថា ព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០១៨មក បានរងការកាប់បំផ្លាញជាបន្តបន្ទាប់ ហើយសម្រាប់ទីតាំងគួរឲ្យកត់សម្គាល់ខ្លាំងនោះ នៅចំណុចក្រពើស្គម រហូតដល់មានគណៈប្រតិភូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត បានចុះទៅពិនិត្យផ្ទាល់ ។

លោកបន្តថា ចំពោះព្រៃលិចទឹក នៅចំណុចនេះ ត្រូវបានកាប់បំផ្លាញអស់ជាង ១០០០ហិកតា ដោយចំនួនជាង ៣០០ហិកតា ត្រូវបានទន្ទ្រានកាលពីឆ្នាំ២០១៨ និងជាង៧០០ហិកតា ត្រូវបានឈូសឆាយទន្ទ្រានយក នៅក្រោយឆ្នាំ២០១៨ ហើយដីទាំងអស់នោះ ពិនិត្យទិដ្ឋភាពនាពេលបច្ចុប្បន្ននេះ មានដីខ្លះត្រូវបានធ្វើស្រែ ខ្លះទៀតនៅទុកចោល ជាមួយនេះក៏មានការជីកប្រឡាយស្រោចស្រព ផ្លូវអាចបើករថយន្តទៅមកបាន រួមនឹងការសាងសង់ខ្ទម ឬរោងស្នាក់នៅជាដើម ។

លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ការលួចកាប់ទន្ទ្រានដីតំបន់៣នេះ គឺបានរាលដាលដល់ចំណុចគោកខ្ពស់ ស្ថិតក្នុងភូមិព្រែកចាស់ដែរនោះ គឺមានជាង ១៥០ហិកតា ដោយអ្នកកាប់ទន្ទ្រាននោះ ជាពលរដ្ឋមកពីស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមកពីខេត្តសៀមរាប ។

លោកអភិបាលរង ក៏បានព្រមានសមត្ថកិច្ច ដែលឃុបឃិតលួចកាប់ទន្ទ្រានដីព្រៃលិចទឹកនេះត្រូវដកខ្លួនចេញឲ្យឆាប់ ដោយក្រសួងកសិកម្ម នឹងចាត់វិធានការនៅពេលឆាប់ៗខាងមុខនេះ ហើយក្រសួងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ពិភាក្សាដាក់វិធានការទប់ស្កាត់ការលួចកាប់ទន្ទ្រាព្រៃលិចទឹក ខណៈអាជ្ញាធរខេត្ត ក៏បានស្នើក្រសួង ជួយដាំបង្គោលដៅចំណុចតំបន់ព្រៃលិចទឹកបន្ថែម ក្នុងភូមិសាស្ត្រស្រុកមួយចំនួន ។

បើតាម លោក កក អ៊ីឡែន នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នព្រៃលិចទឹក ត្រូវជនខិលខូចរុករាន ភាគច្រើននៅតំបន់២ និងតំបន់៣ ដោយពួកគេបានប្រើល្បិចផ្សេងៗ ដើម្បីរុករានវាតទីយកដី គឺអ្នកខ្លះបានដុតព្រៃ ហើយបានយកស្រូវទៅព្រោះនៅពេលយប់ដោយបន្លំថា ជាដីស្រែចាស់ ខ្លះទៀតបានប្រើប្រាស់គ្រឿងចក្ររុករានពីខាងក្នុងទុកព្រៃនៅសងខាង បន្លំភ្នែកមន្រ្តីជំនាញ និងអាជ្ញាធរជាដើម ។

លោកបញ្ជាក់ថា ព្រៃលិចទឹកកំពុងរងការកាប់ទន្ទ្រាននោះមានក្នុងស្រុកចំនួន៤ ដែលមានភូមិសាស្រ្តជាប់បឹងទន្លេសាប ក្នុងនោះស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដោយព្រៃទាំងអស់នោះ ក្រៅពីត្រូវកាប់ទន្ទ្រាន ក៏ត្រូវភ្លើងឆេះអស់ជាច្រើនហិកតាផងដែរ ។

ក្នុងអនុក្រឹត្យ របស់រាជរដ្ឋាភិបាលនៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ខេត្តជុំវិញបឹងទន្លេសាប មានចំនួន ៦៤៧ ៤០៦ហិចតា ដោយឡែកខេត្តបាត់ដំបងមានព្រៃលិចទឹកចំនួន ២០៦ ៩៥៣ហិចតា ខណៈព្រៃលិចទឹកប្រមាណ ២ម៉ឺនហិកតា ត្រូវបានកាប់បំផ្លាញ និងត្រូវភ្លើងព្រៃឆេះ ៕