រាជធានីភ្នំពេញ៖ យុវនិស្សិតឆ្នាំទី៤ម្នាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនរងគ្រោះ មានឈ្មោះ ទុយថា តុលា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៅសាលាដុនបូស្កូ មានស្រុកកំណើតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1Q-6344 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះអន្តរាគមន៍ និងទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលយកសពជនរងគ្រោះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕