រាជធានី​ភ្នំពេញ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ សហ​ការណ៍​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្តតាម​លិខិត​លេខ ០៣៨/២១ សជណ​.​ច ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរុះរើ ឬ​ចល័ត​បែ​ចិ​ញ្ជឹ​ម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក នៅ​ភូមិសាស្ត្រ​សង្កាត់​សំរោង​៨១% និង​សង្កាត់​ព្រែក​ព្នៅ​៧៤.៥% នា​ថ្ងៃទី​១២ខែមិថុនា ឆ្នាំ​២០២១​។

ជា​លទ្ធផល​បាន​រុះរើ និង​ចល័ត​ដោយ​ស្ម័គ្រចិត្ត​ក្នុងនោះ ទី​១.​សង្កាត់​ព្រែក​ព្នៅ មាន​សរុប​២៥៩​បែ បាន​រុះរើ និង​ចល័ត​ចេញ ចំនួន​១៩៣​បែ គិត​ជា​ភាគរយ​ស្មើរ​នឹង​៧៤.៥% ​ទី​២.​សង្កាត់​សំរោង មាន​សរុប​៦៣​បែ បាន​រុះរើ និង​ចល័ត​ចេញ​ចំនួន​៥១​បែ គិត​ជា​ភាគរយ​ស្មើ​នឹង​៨១%​។​

ក្នុង​នោះ ​ផ្ទះ​ដែល​បាន​រុះរើ​ខ្លះ​បាន​ទៅ​ជួល​ផ្ទះ​នៅ​តាម​តាម​ភូមិ​ដើម្បី​រស់នៅ និង​ផ្ទះ​ចល័ត​ទាំងអស់​ត្រូវបាន​អាជ្ញាធរ​នាំ​យក​ទៅ​ដាក់​នៅ​ជាប់​ប្រទល់​ខេត្តកណ្តាល បណ្តោះ​អា​សន្ន​សិន សរុប​ផ្ទះ និង​បែ​ដែល​មកពី​កន្លែង​ផ្សេង និង​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ សរុប​កើនឡើង​ចំនួន​ជាង​៣០០​ផ្ទះ និង​បែ​ចិញ្ចឹម​ត្រី ហើយ​ផ្ទះ​ដែល​នៅសល់​បាន​យល់ព្រម​រុះរើ​ជា​បន្តើរៗ​បន្ត​ទៀត​ ៕